ជើងខ្លាំងនារីកម្ពុជា២រូប និយាយពីការប្រកួតរបស់ នៅ ស្រីពៅ នៅ ONE Championship

​កីឡាការិនី​គុន​ខ្មែរ​ពីរ​រូប​ សំ ថារ័ត្ន និង​ ​វី ស្រីខួច​ ​បាន​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​​របស់​ កីឡាការិនី​នៅ​ ស្រីពៅ ​តទល់​នឹង​​​កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla  Hertati Lumban Gaol ​​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។

កីឡាការិនី​ល្បុក្កតោ​ សំ ថារ័ត្ន មើល​ឃើញ​ថា៖ « ​ខ្ញុំ​ខ្លាច​ក្បាច់​​ចូល​ចាប់​ និង ឃ្លេ​ របស់ Priscilla​ ព្រោះ​​ស្រីពៅ​ ​បាន​រៀន​​ក្បាច់​ឃ្លេ​​ត្រឹម​រយៈ​ពេល​ខ្លី​ ​ត្រឹម​​ប្រហែល​ ១ ខែ​ មុន​ទៅ​វ៉ៃ​ជា​មួយ​ Rika។​ ខ្ញុំ​គិត​ថា​​​អ្នក​ទាំង​ពីរ​វ៉ៃ​ឈរ​​ច្រើន​ជាង​វ៉ៃ​ឱប​ ហើយ​​បើ​ឈរ​វ៉ៃ​អាច​ចាវ​គ្នា»។​ ​សំ ថារ័ត្ន ​​គូស​បញ្ជាក់​ទៀត​ថា​ ​​ស្រីពៅ​ ​នឹង​ប្រើ​កម្លាំង​​​រុញ​ចេញ​ និង​ វ៉ៃ​ការពារ​​បើ​សិន​ករណី​​កីឡាការិនី​វ័យ​ ៣០ ឆ្នាំ​របស់​ ឥណ្ឌូណេស៊ី​ ចូល​​ចាប់​ផ្ដួល។​ បែប​ណា​ក្ដី​ ​កីឡាការិនី​ សំ ថារ័ត្ន ​ជឿជាក់​​ ស្រីពៅ​ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ និង ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លើក​ទី២​ នៅ​សង្វៀន​ ONE Championship ​ព្រោះ​​ស្រីពៅ​ ​​តស៊ូ​​ខ្លាំង​ហើយ​មាន​កម្លាំង​ដៃ​ខ្លាំង​បើ​ហ្វឹកហាត់​ដល់។​

​កីឡាការិនី​ប្រដាល់​ជម្រើស​ជាតិ​​​ វី ស្រីខួច ​ដែល​មាន​អាយុ​ ២៥​ ឆ្នាំ​ បាន​បញ្ចេញ​ទស្សនៈ​ថា៖« ខ្ញុំ​បារម្ភ​ ស្រីពៅ ​ខ្លាច​ចាញ់​កម្លាំង​ ស៊ុហ្វ​គេ។ Priscilla  Hertati Lumban Gaol ​មាន​កម្លាំង​ស៊ុហ្វ​​ និង​​កម្លាំង​​​បុក​​​ខ្លាំង។ ប៉ុន្តែ​​រឿង​ដែល​​​ខាង​យើង​អាច​មាន​ប្រៀប​ គឺ​ មាន​​តែ​​វ៉ៃ​ដោះ​​ គេច​​​ឲ្យ​រហ័ស​ ​ដូច​​​កាល​​ប៉ះ​ Riga ​ព្រោះ​ ស្រីពៅ​ ក៏​មិន​សូវ​ខ្លាំង​​ស្នៀត​ឃ្លេ​ ​និង​ កាច់​​ដែរ។ មួយ​រយៈ​រវល់​ទៅ​វ៉ៃ​​ជម្រើស​ជាតិ​​ផ្នែក​សកល​នៅ​ថៃ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​ស្នៀត​ឃ្លេ​​បាន​តិច​ មុន​ចេញ​ទៅ​ប្រកួត»។ ស្រីខួច ដែល​ធ្លាប់​ឡើង​​សង្វៀន​ ONE Championship ទល់​នឹង​​ May Ooi ​​រូប​​បារម្ភ​​​មួយ​ទៀត​គឺ​ក្បាច់​ឃ្លេ​ ​និង​ ចាប់​ផ្ដួល​របស់​  Priscilla​ ព្រោះ​គេ​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​នា​ពេល​កន្លង​​មក។​​

​ក្នុង​កំណត់​ត្រា​លើ​សង្វៀន​ ONE Championship  ​កីឡាការិនី​ Priscilla Hertati Lumban Gaol ​​​មាន​វ័យ​ ​៣០​ ឆ្នាំ​ ​និង​តារា​​ប្រចាំ​នៅ​សង្វៀន​​​ធំ​ក្នុង​លោក​មួយ​នេះ​​តាំង​ពី​ឆ្នាំ​ ២០១៧ មក។ ​Priscilla  ​លើ​សង្វៀន​ល្បី​នេះ​បាន​​ចំនួន​ ​៩ ដង​ ​ក្នុង​នោះ​​ឈ្នះ​ ៥​ ដង​ និង ចាញ់​ ៤​ដង។ រី​ឯ​​ការ​ប្រកួត​ចុង​ក្រោយ Priscilla ​ ចាញ់​​ពិន្ទុ​កីឡា​ការិនី​ឥណ្ឌា​​​ Puja Tomar ​ ​ដែល​បញ្ចប់​ដោយ​ទឹក​ភ្នែក​ក្រោយ​អាជ្ញា​កណ្ដាល​ប្រកាស​លទ្ធផល​ចាញ់។ ​​​ដ្បិត​មិន​​ទាន់​មាន​បទ​ពិសោធន៍​ជោកជាំ​លើ​សង្វៀន​ ONE ​តែ​ នៅ​ ស្រីពៅ ​​ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​កាល​ចុង​ឆ្នាំ​ ២០១៨។ ​ទើប​តែ​ឡើង​សង្វៀន​ ONE បាន​ម្ដង​គត់ គេ​ធ្វើឲ្យ​អ្នក​គាំទ្រ​​រីករាយ​​ និង​ ទទួល​បាន​ប្រជា​ប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​ឈ្នះ​ កីឡាការិនី​ថៃ Rika Ishige ​កាល​​ពី​ពាក់​​កណ្ដាល​ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៩​​នៅ​ប្រទេស​ថៃ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT