លោក Florentino Perez បានប្រកាសជាផ្លូវការពីការជួសជុលឡើងវិញ កីឡដ្ឋាន Bernabeu ដែលចំណាយពេល៤ឆ្នាំ ចាប់ផ្ដើមសាងសង់នៅរដូវក្ដៅខាងមុខនេះ។
កីឡដ្ឋានមួយនេះដែរ នឹងក្លាយជាកីឡដ្ឋានទំនើបនិងល្អបំផុតនៅលើលោក ក្រោយពីជួសជុលរួចរាល់។ វានឹងផ្ទុកមនុស្សបានជាង៨ម៉ឺននាក់ ហើយមានដំបូលបិទបើកបានដោយស្វ័យប្រវត្តិ។ ក្នុងកីឡដ្ឋាននឹងដាក់ទូរទស្សន៍គ្រប់ទីកន្លែងប្រកួត សូម្បីក្នុងបន្ទប់ទឹក សម្រាប់ឱ្យអ្នកតាមដានបានដឹងគ្រប់ពេល បើទោះជាពួកគេចូលបន្ទប់ទឹកក៏ដោយ។ អ្វីដែលកាន់តែពិសេសទៀតនោះ បើទោះជាកំពុងជួសជុលមែន ប៉ុន្តែក្រុម Real Madrid នឹងនៅតែអាចលេងបានដដែលក្នុងកីឡដ្ឋាននេះ។
Bernabeu ត្រូវបានក្រុម Real Madrid យកជាកីឡដ្ឋានរបស់ខ្លួនតាំងពីឆ្នាំ១៩៤៧ មក ពោលគឺមានអាយុកាល៧២មកហើយ។ ការជួសជុលនេះដែរ ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយអស់៤០០លានអឺរ៉ូ៕ប្រភព៖ Dailymail