អតីតកីឡាករបារាំងលោក Robert Pires បានបង្ហាញការជឿជាក់យ៉ាងមុតមាំថាកីឡាករវ័យក្មេង Kylian Mbappe ច្បាស់ណាស់ថានឹងទៅចូលរួមជាមួយក្លឹបយក្ស Real Madrid ក្នុងពេលអនាគត ត្បិតអីវាមិនអាចកើតឡើងបាននាបិទរដូវកាល ២០១៨/១៩ នេះក៏ដោយ។
ថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន La W Radio អតីតកីឡាករនៅ Villarreal និង Arsenal រូបនេះនិយាយថា៖ “ខ្ញុំគិតថា Mbappe មានវ័យគ្រប់គ្រាន់ក្នុងការផ្លាស់ទៅចូលរួមនៅ Real Madrid ហើយ ប្រសិនឆ្នាំនេះគេមិនទៅ នោះគេក៏នឹងទៅឆ្នាំក្រោយយ៉ាងពិតប្រាកដណាស់”។
លោកបន្តថា៖ “Mbappe គេជាកីឡាករល្អដែលប្រមូលផ្តុំដោយគុណភាពលេង ទាំងមានភាពឆ្លាតវៃ ហើយបច្ចុប្បន្នក៏លេងឲ្យ PSG បានល្អនិងការរកគ្រាប់បាល់ច្រើន ប៉ុន្តែខាងក្លឹបក៏ត្រូវថែទាំគេឲ្យខ្លាំងដែរ ព្រោះទើបវ័យ ២០ ឆ្នាំ បែបនេះត្រូវសិក្សាច្រើនបន្ថែមទៀត ពោលគឺដូចជាបទពិសោធន៍ដែលទទួលបានក្នុងការប្រកួតទល់ Manchester United នៅ Champions League អ៊ីចឹងដែរ”។ ប្រភព: BeSoccer