អតីត​កីឡាករ Arsenal៖ Real ​មិន​គួរ​យក Wenger ​ដឹក​នាំ​ឡើយ ព្រោះ​គាត់​ជាប់​ឈ្មោះ​អ្នក​ចាញ់

Emmanuel Petit ​អតីត​កីឡាករ​ក្រុម Arsenal ​បាន​ផ្ដល់​យោបល់​ថា​ក្លឹប Real Madrid ​មិន​គួរ​យក​លោក Arsene Wenger ​ទៅ​ដឹក​នាំ​ឡើយ ​ព្រោះ​ថា​អ្នក​ចាត់ការ​រូប​នេះ​មាន​ភាគរយ​ចាញ់ ​ច្រើន​ជាង​ឈ្នះ។

Madrid ​កំពុង​តែ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី បន្ទាប់​ពី​លោក Zidane ​បាន​ចាកចេញ​ពី​តំណែង​ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ។ ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ ​ហាក់​ដូច​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នកចាត់ការ​ថ្មី ​ត្បិត​អី​កៀក​នឹង​ព្រឹត្តិការណ៍ World Cup ពេក។

ប្រភព​ពី​អេស្ប៉ាញ​មក​បញ្ជាក់​ថា លោក Wenger ​ក៏​ជា​បេក្ខភាព​មួយ​រូប ​ក្នុង​ចំណោម​អ្នក​ចាត់ការ​ដទៃ ទៀត​ដែល​ត្រូវ​ក្លឹប Real Madrid ​ពិចារណា​ហៅ​មក​ដឹក​នាំ​ផង​ដែរ។ ជាមួយ​នឹង​ដំណឹង​នេះ ​អតីត​កូន​ក្រុម​របស់​លោក Wenger ​ឈ្មោះ​ថា Petit ​បាន​យល់​ឃើញ​ថា​៖ “Wenger ​មិន​សម​ដឹក​នាំ Real Madrid ​ឡើយ។ ហេតុ​អ្វី? ​ព្រោះ​គាត់​មាន​ឱកាស​ទៅ​ដឹក​នាំ​ក្រុម​នេះ​៣​ដង​ហើយ ប៉ុន្តែ​គាត់​បដិសេធ។ Real មិន​គួរ​យក​គាត់​ឡើយ ព្រោះ​នៅ​អេស្ប៉ាញ ​គាត់​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ចាត់ការ​ចាញ់​ម្នាក់”។

Wenger ​បាន​សម្រេច​ដើរ​ចេញ​ពី​ក្រុម​កាំភ្លើង​ធំ​កាល​ពី​ចុង​រដូវ​កាល​មុន​នេះ។ លោក​ត្រូវ​បាន Arsenal ​តែងតាំង​ជា​អ្នក​ចាត់ការ​​ក្លឹប​នៅ​ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៩៩៦ និង​ជួយ​ក្លឹប​ឈ្នះ Premier League  ៣ដង, FA Cup ៧ដង ប៉ុណ្ណោះ ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​នេះ៕DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT