Zidane ​ជឿ​ជាក់ Vinicius ​នឹង​ល្អ​ដូច Neymar ​អីចឹង​

Zidane ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ខ្លួន Vinicius ​ជា​គ្រាប់​ពេជ្រ​កំពុង​ច្នៃ ​ហើយ​ទៅ​ថ្ងៃ​អនាគត​រូបគេ​នឹង​លេង​ល្អ​ដូច​កីឡាករ Neymar ​ដែរ​។

Vinicius ​ត្រឹម​វ័យ​១៨​ឆ្នាំ ​បាន​ចាប់​ផ្ដើម​ជាប់​ជម្រើស​១១​នាក់​ដំបូង​នៅ​ក្លឹប Real Madrid ​ហើយ។ ជាក់​ស្ដែង​រដូវ​កាល​ដំបូង​នេះ រូបគេ​បាន​ឆក់​យក​ចិត្ត​អ្នក​គាំទ្រ​មួយ​ចំនួន​ហើយ ​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ​និង​ជួយ​ក្រុម​បាន​ច្រើន​នៅ​តំបន់​ខាង​លើ​។ យ៉ាងណាមិញ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី Zidane ​កីឡាករ​ប្រេស៊ីល​រូប​នេះ​មិន​ទាន់​បាន​ចូល​លេង​ឡើយ ព្រោះ​រង​របួស​ត្រូវ​សម្រាក​ព្យាបាល​សិន។

ចំពោះ​កីឡាករ​វ័យ​ក្មេង​នេះ​ដែរ Zidane ​បាន​មើល​ឃើញ​រួច​ជា​ស្រេច​សម្រាប់​អនាគត​របស់​គេ។ បុរស​សញ្ជាតិ​បារាំង​បាន​បញ្ជាក់​ថា Vinicius ​នឹង​មាន​អនាគត​ល្អ ​ព្រោះ​រូបគេ​ជា​កីឡាករ​មាន​ទេពកោសល្យ​ស្រាប់។ មិន​ខុស​ពី Neymar ​ឡើយ ប្រសិន​បើ​រូបគេ​បន្ដ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់ ​ជា​ពិសេស​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​រក​គ្រាប់​បាល់​ជួយ​ក្រុម។

កត្តា​មើល​ឃើញ​ពី​សមត្ថភាព​ល្អ​របស់​កីឡាករ​វ័យ​ក្មេង​មាន​ក្នុង​ដៃ​ស្រាប់​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​ហាក់​មិន​ចង់​បាន Neymar ​ឡើយ ​។ ដោយ​មើល​ឃើញ Mbappe ​ជា​ជម្រើស​ល្អ​វិញ ​ប្រសិន​បើ​ឱ្យ​ជ្រើស​រើស​រវាង Neymar ​និង Mbappe ​នោះ៕ប្រភព៖​ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT