Mbappe យក​ឈ្នះ Neymar ក្នុង​បេះដូង​តា Perez

ការធ្លាក់អន់ថយនៃ​ប្រព័ន្ធ​លេង​របស់​ក្លឹប Real Madrid ជា​កត្តា​ជំរុញ​កាន់​តែ​ខ្លាំង​ឲ្យ​លោក Florentino Perez ព្យាយាម​រក​វិធី​សាស្រ្ត​ដើម្បី​បញ្ចុះបញ្ចូល​នាំ​យក​ខ្សែ​ប្រយុទ្ធ​មាន​គុណភាព​ណា​មួយ​រូប ដើម្បី​មក​ប្រជែង​នឹង Lionel Messi ដែល​កំពុង​ឈរជា​ស្តេច​បាល់ទាត់​លេច​ធ្លោ​នៅ​ក្របខ័ណ្ឌ​ LaLiga របស់​អេស្ប៉ាញ។

Gareth Bale ដែល​ឈរ​ជើង​ក្នុង​ក្លឹប​ស្រាប់ មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ បែប​នេះ​ជម្រើស​ដ៏​ល្អ​ពីរ​គឺ ​រវាង Neymar និង Kylian Mbappe។ ជាង ៣ ឆ្នាំ​មក​ហើយ Perez តាម​សម្លឹង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​មិន​ដាក់​ភ្នែក ប៉ុន្តែ​ចូល​ដល់​សម័យកាល​បច្ចុប្បន្ន​នេះ​គឺ​ការ​ជ្រើស​យក Kylian Mbappe ជា​ជម្រើស​ទី​មួយ​ដែល​សក្តិសម​បំផុត។

យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ត្បិត Madrid ត្រូវ​បោះទុន​ចន្លោះ ២៥០ ទៅ ៣០០ លាន​អឺរ៉ូ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ ២០ ឆ្នាំ ក៏​លោក Perez មិន​ខ្លាច​នឹង​ចំណាយ​នោះ​ដែរ ប៉ុន្តែ​ជា​បញ្ហា​ចោទ​គឺ​ត្រង់​ថា​តើ​រក​វិធី​បែប​ណា ដើម្បី​យក​ស្មៅ​ខ្ចី​មួយ​នេះ​ចេញ​ពី​មាត់​ប្រធាន​ក្លឹប​ PSG លោក Nasser Al-Khelaifi។

បើ​និយាយ​ពី​ឥទ្ធិពល​របស់ Zinedine Zidane គឺ​រូប​លោក​ធ្លាប់​ទាក់ទង​ទៅ​កីឡាករ​បារាំង​តាំង​ពី​ ៥ ឆ្នាំ​មុន​មក​ម្ល៉េះ ដូច្នោះក្តី​សង្ឃឹម​សេសសល់​តែ​មួយ​គត់​គឺ​មាន​តែ​រង់ចាំ​អុត​មើល​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​ទាំង​អស់​គ្នា។ ប្រភព: 9SportPro​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT