លោក Solskjaer មានទំនុកចិត្តថាខ្លួននឹងទទួលបានតួនាទីដឹកនាំក្រុម Man Utd ជាផ្លូវការនៅរដូវក្ដៅខាងមុខ ហើយប្រសិនបើវាមិនកើតមានទេ នោះគឺជារឿងចម្លែកបំផុត។
Solskjaer ទទួលបានការគាំទ្រខ្លាំងមែនទែន បន្ទាប់ពីខ្លួនដឹកនាំក្រុម Man Utd ហើយនាំក្រុមនេះឱ្យខ្លាំងឡើងវិញ ប្រដេញយកតំណែង Top4។ កត្ដានេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាបុគ្គលិកក្នុងក្លឹបផ្ទាល់ចង់ឃើញប្រធានក្លឹបចុះកុងត្រាយកបុរសម្នាក់នេះមកធ្វើជាអ្នកចាត់ការក្រុមផ្លូវការមែនទែន។
ទន្ទឹមគ្នានេះដែរ សាមីខ្លួនផ្ទាល់ក៏មានទំនុកចិត្តថានឹងបានតួនាទីនេះដែរ នារដូវកាលក្រោយ។ លោកបានបញ្ចេញឈ្មោះកីឡាករត្រៀមទិញចូលរួចជាស្រេច និងមានគម្រោងសម្រាប់ប្រជែងយកពានរង្វាន់ជាមួយក្រុមធំៗជាច្រើន។ អ្នកចាត់ការសញ្ជាតិន័រវែសរូបនេះ បាននិយាយដូច្នេះថា៖ “អ្នករាល់គ្នាសុទ្ធតែគិតថាខ្ញុំនឹងបានតួនាទីនៅរដូវកាលក្រោយ ប៉ុន្តែវាមិនទាន់ផ្លូវការនោះទេ។ ខ្ញុំបានថតពាណិជ្ជកម្មលក់សំបុត្រនៅរដូវកាលក្រោយ ដូច្នេះប្រសិនបើខ្ញុំមិនបាននៅទីនេះទេ នោះវាហាក់ដូចជាចម្លែកខ្លាំងមែនទែន”៕