Fabregas ​រក​គ្រាប់​បាល់​ដំបូង ឱ្យ​ Monaco ​ស្គាល់​ពាក្យ​ឈ្នះ​វិញ

Cesc Fabregas ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម Monaco ​និង​ជា​គ្រាប់​បាល់​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ស្គាល់​ពាក្យ​ឈ្នះ​វិញ ​ក្នុង​ការ​ប្រកួត​៧​ប្រកួត​កន្លង​មក​នេះ។

ក្រុម Fabregas ​យក​ឈ្នះ​ក្រុម Toulouse ​២-១ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ហើយ​ការ​យក​បាន​៣​ពិន្ទុ​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Monaco ​រំកិល​ខ្លួន​ឡើង​ពី​លេខ​១៩​មក​លេខ​១៨​វិញ​ផង​ដែរ។ ពួកគេ​មាន​១៨​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​២៣​ប្រកួត​មក​នេះ។ គោលដៅ​ធំ​សម្រាប់​ក្រុម Monaco ​នា​រដូវ​កាល​នេះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​រក្សា​ខ្លួន​ឱ្យ​ជាប់​នៅ​លីគ​កំពូល​បារាំង​តែ​ប៉ុណ្ណោះ។

លោក Leonardo Jardim ​បាន​ចូល​មក​ដឹក​នាំ​ក្រុម Monaco ​វិញ ​បន្ទាប់​ពី​លោក Henry ​ត្រូវ​បណ្ដេញ​ចេញ​ពី តំណែង​។ ហើយ​យប់មិញ​នេះ ​គឺ​ជា​ការ​ប្រកួត​ទី​២​សម្រាប់​លោក Jardim ​ដោយ​ប្រកួត​ទី​១​កន្លង​ទៅ ​បរាជ័យ​ធ្វើ​ឱ្យ​ក្រុម Monaco ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Coupe de la Ligue៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT