PSG ​បញ្ជាក់ Neymar ​រង​របួស​ជើង ​ជា​ក្ដី​បារម្ភ​សម្រាប់​ក្រុម​មុន​ប៉ះ Man Utd ​

ក្រុម PSG ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ជើង​អំឡុង​ពេល​លេង​ជាមួយ​ក្រុម Strasbourg ​កាល​ពី​យប់មិញ​នេះ ដែល​ជា​ក្ដី​កង្វល់​សម្រាប់​ក្រុម​លេង​ប៉ះ Man Utd ​ខែ​ក្រោយ។

របួស​ជើង​របស់ Neymar ​នេះ​គឺ​ចំ​កន្លែង​ដដែល ​ដែល​ធ្លាប់​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ច្រើន​ខែ ​ហើយ​សឹង​តែ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម​ប្រេស៊ីល​កាល World Cup 2018 ​ថែម​ទៀត​ផង។ ​ខណៈ​ដែល​វា​ក៏​កំពុង​តែ​ធ្វើ​ឱ្យ​លោក Thomas Tuchel ​ឈឺ​ក្បាល​ផង​ដែរ ត្បិត​អី​ក្រុម PSG ​ត្រូវ​មាន​ប្រកួត​សំខាន់​នា​ខែ​ក្រោយ​នេះ ​ដោយ​ប៉ះ​ក្រុម Man Utd ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​។

“​របួស​នេះ​មិន​ធម្មតា​ទេ ​ព្រោះ​វា​កើត​នៅ​កន្លែង​ដដែល ​ជើង​ខាង​ស្ដាំ។ យើង​មិន​ទាន់​ដឹង​ដំណឹង​ថា​គាត់​នឹង​ត្រូវ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​ឡើយ។ គាត់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ​ហើយ​ខ្ញុំ​កំពុង​រង់ចាំ​ដំណឹង​នៃ​របួស​របស់​គាត់”។ សម្ដី​លោក Tuchel ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT