ក្រុមបិសាចក្រហម Manchester United ដាក់គោលដៅយកខ្សែការពារ Kostas Manolas របស់ក្រុម Roma នៅខែមករានេះ ដើម្បីមកជួយការពារសំណាញ់ទី។ខ្សែការពារកណ្ដាលខាងលើមានតម្លៃផ្ដាច់កុងត្រា៣០,៥លានផោន ចំពោះកុងត្រានៅសល់ជាមួយក្រុម Roma ។ យ៉ាងណាមិញបិសាចក្រហមចង់បានតម្លៃទាបជាងនេះ ត្បិតអីរូបគេមានវ័យ២៧ឆ្នាំទៅហើយ។ មួយវិញទៀត ក្រុមរបស់លោក Ole Gunnar Solskjaer ក៏កំពុងមើលជើងសិនដែរ ត្បិតអីពួកគេមានជម្រើសច្រើនចំពោះខ្សែការពារកណ្ដាលនេះ។ បច្ចុប្បន្នក្រៅពីកីឡាករ Roma ខាងលើនៅមាន Eder Militao របស់ Porto កីឡាករ Kalidou Koulibaly របស់ Napoli និង Toby Alderweireld របស់ Spurs ម្នាក់ទៀត។
យ៉ាងណាមិញលោក Solskjaer មិនរំពឹងថានឹងមានការចុះកុងត្រាណាមួយកើតឡើងសម្រាប់ក្រុមឡើយ ព្រោះថាលោកបានផ្ដល់ការងាររកកីឡាករថ្មីនេះទៅនាយកគ្រប់គ្រងទៅហើយ៕
ប្រភព៖ DailyMail