Spurs ​និង Arsenal ​យក​បាន​៣​ពិន្ទុ​ដូច​គ្នា ​ក្នុង​ការ​ប្រកួត​យប់មិញ

ក្រុម Spurs ​និង Arsenal ​សុទ្ធ​តែ​រក​បាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ។ ដោយ Spurs ​យក​ឈ្នះ​លើ​ក្រុម Cardiff City ​៣-០ ​និង​ក្រុម Arsenal ​យក​ឈ្នះ​លើ​ក្រុម Fulham ៤-១។

Spurs ​បាន​រង​ការ​ឈឺ​ចាប់​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ ​ដោយ​ចាញ់​ក្រុម​ Wolver ​ក្នុង​ដី​ខ្លួន​ឯង ​៣-១។ ការ​បរាជ័យ​នោះ ​បាន​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​នៅ​យក​លេខ​១​ជាមួយ​ក្រុម Liverpool ​ងាក​ឆ្ងាយ​បន្តិច​ទៅ​ហើយ។ យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ពួកគេ​ធ្វើ​បាន​ល្អ​វិញ ​ដោយ​ឈ្នះ​ក្រុម Cardiff City ​៣-០។ ​៣​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Harry Kane នាទី​៣​ Christian Eriksen នាទី​១៣​ និង​កីឡាករ​កូរ៉េ​ខាង​ត្បូង​ Heung Min-Son នាទី​២៧​ ។

ដោយ​ឡែក ​ក្រុម Arsenal ​វិញ​ក៏​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ដែរ។ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​បាន​ដល់​ទៅ​៤ -១ ​ឯ​ណោះ។ ​ដោយ​៤​គ្រាប់​នោះ ធ្វើ​បាន​សម្រេច​ដោយ​ Xhaka ​នាទី​២៥ ​Lacazette ​នាទី​៥៥ Ramsey ​នាទី​៧៩ ​និង Aubameyang ​នាទី​៨៣។ បាន​៣​ពិន្ទុ​យបមិញ​នេះ ​ធ្វើ​ឱ្យ​ពួកគេ​ចាញ់​ក្រុម Chelsea ​ដែល​ឈរ​នៅ​លេខ​៤​ក្នុង​តារាង​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម Chelsea ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT