ប្រធានក្រុមម៉ាឡេស៊ី សារភាពថា សម្តីរបស់អ្នកចាំទីថៃ ជាកត្តានាំឱ្យក្រុមខ្លួនឈ្នះ

ក្រោយពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ រវាងក្រុមជម្រើសជាតិថៃ ទល់នឹងជម្រើសជាតិម៉ាឡេស៊ី បានកាត់សេចក្តីកាលពីយប់មិញ ឱ្យក្រុមម៉ាឡេស៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះគ្រាប់ចំណេញក្រៅដី ប៉ុន្តែអ្នកចាំទីថៃ បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់ការជជែកនៅលើបណ្តាញសង្គម។ប្រធានក្រុមម៉ាឡេស៊ី ខ្សែប្រយុទ្ធ Zaquan Adha បានសារភាពថា ក្រុមរបស់គាត់កាន់តែមានទឹកចិត្តខ្លាំង ចំពោះសម្តីរបស់អ្នកចាំទីថៃ Chatchai Budprum ដែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ម៉ាឡេស៊ី នឹងជួបសុបិន្តអាក្រក់ ក្រោយការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៅទីក្រុងបាងកក។

Zaquan ” សម្រាប់ខ្ញុំ សម្តីរបស់អ្នកចាំទីនោះហើយ ដែលធ្វើឱ្យខ្ញុំឈ្នះ។ អ្វីដែលពួកគេចង់និយាយគឺស្រេចតែគេ ប៉ុន្តែក្រុមរបស់យើងគឺគ្រាន់តែផ្តោតចំពោះការប្រកួត ហើយយើងក៏បានយកឈ្នះ ” ។គាត់បន្តថា ” វាគឺមិនមែនជាការងាយស្រួលទេ ពេលលេងនៅបាងកក ដូចនេះប្រកួតនេះគឺអស្ចារ្យបំផុត ។ នៅក្នុងបាល់ទាត់ រឿងខ្លះអាចកើតឡើង ហើយកីឡាកររបស់យើងខំប្រឹងណាស់ ។ យ៉ាងណាក៏ដោយវាមិនទាន់ចប់ទេ ពួកយើងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលមិនមែនជារឿងងាយស្រួល តែយើងនឹងខំប្រឹងបន្ថែមទៀត បន្ទាប់ពីប្រកួតនេះចប់ ” ។

គួររំលឹកថា ការប្រកួតកាលពីយប់មិញនេះ ក្រុមទាំងពីរបានបង្កើតឱកាសរកគ្រាប់បាល់បានដូចគ្នា ២ ទល់នឹង ២ ដែលថៃជាម្ចាស់ផ្ទះ រកបានមុន ទាំង ២គ្រាប់ ហើយចុងក្រោយភាពឈឺចាប់បានកើតឡើងចំពោះក្រុមថៃ និងអ្នកគាំទ្រពួកគេ នៅពេលដែល បេក្ខភាពស្បែកជើងមាស Adisak Kraison ទាត់បាល់ពិន័យចុងម៉ោង មិនចូលទី ជាហេតុធ្វើឱ្យក្រុមម្ចាស់ជើងឯក ៥សម័យកាល បានធ្លាក់ចេញពីការប្រកួត។ម៉ោង ៧ និង ៣០នាទី យប់នេះ វៀតណាម ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលក្រុមហ្វីលីពីន ក្នុងជើងទីពីរ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ​ គ្រាដែលពួកគេមានភាគរយខ្ពស់ ព្រោះឈ្នះ ២ ទល់នឹង​១ កាលពីជើងទី១ នៅហ្វីលីពីន ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT