ពី​ដៃ​ទី​បី ជម្នះ​ដល់​កើត​ដៃ​ទី​មួយ ស្តេចពីងពាង​អ៊ុយក្រែន Lunin ​ជា​អ្នក​ផ្តាច់​លីង Man City ​មិនឲ្យបន្តនៅ UCL

ក្តីសង្ឃឹម​លើក​ពាន ៣ ក្នុង​រដូវ​កាល​តែ​មួយ ពេល​នេះ Manchester City សេសសល់​ត្រឹម ២ មាន Premier League និង FA Cup ខណៈ UEFA Champions League ជា​ពាន​ធំ​អាច​រីក​ទាំង​ឈ្មោះ រីក​ទាំង​ហោប៉ៅ​ក្លឹប សន្មត់ថាចប់ដោយបរិបូរណ៍​ត្រឹម​វគ្គ ៨ ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើង​របស់​ស្តេច​យក្ស​គីឡូ​ធ្ងន់ Real Madrid។

លទ្ធផល​នៅ​ជើង​ទី ១ ស្មើ​គ្នា ៣-៣ នៅ​ឯ Bernabeu ​ដល់​ចូល​មក​ដល់​ជើង​ទី​ពីរ រាង​ធូរ​គ្រាប់​ជាង​មុន ​បន្ថែម​សង​ខាង​ម្នាក់​មួយ​នាំ​ឲ្យ​លទ្ធផល​ស្មើ ៤-៤ ហើយ​បន្ត​ឆ្ពោះ​ទៅ​ដល់​ការ​ស៊ុត​ប៉េណាល់ទី​សម្រេច​ចាញ់​ឈ្នះ គឺ​ម្ចាស់ផ្ទះ​បរាជ័យ ៣-៤ ក្រោម​ថ្វី​ជើង​ភ្ញៀវ។ យ៉ាង​ណា​តួ​ឯក​ក្រៅ​ផ្លូវការ​នៅ​រាត្រី​យប់មិញ ​មិនមែន​ជា​អ្នក​ស៊ុត មិនមែន​ជា​អ្នក​ដឹក​បាល់ ផ្ទុយ​ទៅ​វិញ គឺ​ជា​អ្នក​សង្រ្គោះ​ដៃ​ស្អិត​អ៊ុយក្រែន​នៅ​ជញ្ជាំង​ក្រោម​ឯ​ណោះ។

CTS SPORTS បង្ហាញ​ខ្លះៗ​អំពី Andriy Lunin ​ឲ្យ​បងប្អូន​បា​នស្គាល់ មុន​គេ​ឡើង​កូត​កាន់​តែ​ខ្ពស់​ជាង​នេះ នៅ​ពេលវេលា​ដ៏​ខ្លី​ខាង​មុខ។ ជា​កីឡាករ​កើត​នៅ​ទីក្រុង Krasnograd ​នា​ថ្ងៃ​ទី ១១ ​កុម្ភៈ ឆ្នាំ ១៩៩៩ គិត​មក​ទល់​ពេល​នេះ មាន​វ័យ ២៥ ឆ្នាំ កម្ពស់ ១,៩១ ម៉ែត្រ ​ល្អ​ដៃ​សង្រ្គោះ រី​ឯ​ចំពោះ​ជំនាញ​ជើង គឺ​ផ្នែក​ស្តាំ។

ដើម​ឡើយ​នៅ​ឆ្នាំ ២០១៥ Lunin គេ​ហ្វឹកហាត់​នៅ​ឈុត​ថ្នាល Dnipro ក្នុង​ប្រទេស​កំណើត រហូត​ដល់​ឆ្នាំ ២០១៨ ត្រូវ​បាន​ស្តេច​ស Madrid មើល​ឃើញ​សមត្ថភាព ក៏​បាន​ចាយ​លុយ ៨,៥០ លាន​អឺរ៉ូ ថ្ពក់​យក​គេ​មក​ចូលរួម ក្នុង​តំណែង​ជា​ដៃ​ទី​បី។ ពេល​នោះ Lunin មាន​ការ​ខិតខំ​ជា​ខ្លាំង ហើយ​មិន​បដិសេធ​នោះ​ទេ ក្នុង​ការ​ផ្ទេរ​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដូច​ការ​ទៅ​លេង​ឲ្យ Leganes ឲ្យ Real Valladolid ក៏​មាន​ទាំង​ Real Oviedoធ្វើ​ម៉េច​ឲ្យ​តែ​បាន​បទពិសោធន៍ ដោត​ការ​ជឿជាក់​បន្ថែម​ពី​ក្លឹប​ក្នុង​ក្តី​ស្រមៃ។

រហូត​បន្ត​មក​ដល់​រដូវ​កាល ២០២៣/២៤ គេ​ហាក់​ផ្តើម​ទទួល​បាន​ឱកាស ទោះ​វា​ស្ដួចស្ដើង​ត្រឹម​ដៃ​ទី​បី ពី​ក្រោម​ឈ្មោះ Thibaut Courtois និង Kepa Arrizabalaga ក៏​ដៃ​ពីងពាង​អ៊ុយក្រែន​នៅ​តែ​មាន​ការ​ស្មិងស្មាធិ៍ ខិតខំ​អស់​ពី​ពោះ ចាប់​យក​រាល់​ឱកាស​ដែល​មាន។ ត្រឹម​តែ​រយៈ​ពេល​ខ្លី Lunin គេ​អាច​ថ្ពក់​យក​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នកចាត់ការ​លោក Carlo Ancelotti ហ៊ាន​ផ្តល់​ពេលវេលា​សម្រាប់​គេ​ជា​ពិសេស​នៅ Champions League ដូច​កាល​ប៉ះ RB Leipzig បុរស​មិន​សូវ​ចេះ​មាត់​ក​ម្នាក់​នេះ សង្រ្គោះ​បាល់​បាន​ ៩ លើក ដល់​តែ​ប៉ះ Man City កាល​ជើង​ទី​មួយ​មិន​សូវ​ល្អ តែ​ជើង​ទី​ពីរ មិន​សរសើរ​មិន​បាន គេ​ក៏​លោត​ទះ​បាល់ ទប់​បាល់ ដល់​ទៅ ៨ លើក នៅ​ឯ​កីឡដ្ឋាន​ដ៏​គួរ​ឲ្យ​ខ្លាច​សម្រាប់ Real គឺ Etihad Stadium។

វា​កាន់​តែ​អស្ចារ្យ​គឺ​បាន​ការ​សង្រ្គោះ​បាល់​ប៉េណាល់ទី ២ លើក​របស់ Lunin នេះ​ហើយ Save គ្រាប់​របស់ Bernardo Silva និង Mateo Kovacic ទើប​ជា​អ្នក​សម្រេច​ឲ្យ Madrid អាច​យក​ឈ្នះ​ទៅ​លើ​ក្លឹប​ការពារ​ជើង​ឯក​ខាង​លើ នាំ​ឲ្យ​ទទួល​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ត្រៀម​ប៉ះ Bayern Munich នៅ​ចុង​ខែ​មេសា​ខាង​មុខ។

ខណៈ​នេះ​ម៉ោង​នេះ Lunin កំពុង​ក្លាយ​ជា​តួ​ឯក​ក្នុង​ដួងចិត្ត​របស់​អ្នក​គាំទ្រ​រាល់​គ្នា ហើយ​បាន​រំអុក​ឲ្យ​ក្លឹប​ប្រញាប់​ចាត់ចែង​ត​កុងត្រា​ជា​បន្ទាប់​សម្រាប់​គេ ដ្បិត​អី​សុពលភាព​សព្វថ្ងៃ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ។ នេះ​តាម​ការ​ព្យាករណ៍​ប្រសិន​អធិរាជ​ស បាន​ឈ្នះ​ពាន UCL ផង ហើយ​ថែម Lunin ​ទទួល​បាន​កុងត្រា​ ៣-៥ ឆ្នាំ​បន្ថែម​ផង ម្ល៉េះ​ហាងឆេង​តម្លៃ​ខ្លួន​ថ្មី​សម្រាប់​គេ គឺ​មិន​ក្រោម ១០០ លាន​អឺរ៉ូ​នោះ​ទេ ពោល​រាប់​ជា​ការ​ចំណេញ​លើស ១ គុណ​ជា ១០ សម្រាប់​ក្លឹប​ពូកែ​វិនិយោគ​កើប​ផល​ចំណេញ​មួយ​នេះ​បន្ថែម​ទៀត​ហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT