និយាយ​ហើយ​គឺ​ធ្វើ! ប្រុង​ទៅ​មួយ​ក្រុម Man City ខ្វះ ៣ គ្រាប់​ទៀត សម្រេច​ត្រូវ​តែសង Rodri នូវ​សកម្មភាព​ចម្លែក​នេះ

​ពាក្យ​សន្យា បើ​ហា​ចេញ​ពី​មាត់​កូន​ប្រុស​ហើយ ចង់​មិន​ចង់​គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ តែ​ម្តងម្កាល​បើ​ចេញ​ពី​មាត់​ស្រីៗ ​ពួក​គាត់​ធ្វើ​ភ្លេចធ្វើ​រំលង​ខ្លះ​ក៏​អត់​អី​ដែរ។ ឃ្លា​នេះ​និយាយ​លេង​ទេ​បងប្អូន ងាក​មក​ក្នុង​ពិភព​បាល់ទាត់​យើង​វិញ នៅ​ក្លឹប​សំពៅ​មាស Manchester City ឯ​ណោះ ក៏​ត្រៀម​នឹង​កើត​រឿង​ចម្លែក​ឥត​ធ្លាប់​មាន​ពី​មុន​មក ឲ្យ​តែ​ហ៊ាន Rodri បំប៉ោង​សំណាញ់​ទី ៣ គ្រាប់​ថែម​ទៀត មុន​បិទ​បញ្ចប់​រដូវ​កាល​ទូទាំង​តំបន់​អឺរ៉ុប នា​កំឡុង​ចុង​ខែ​ឧសភា។

ក៏​ត្រង់​ថា DMF ឬ​បងប្អូន​ស្គាល់​ជា​តំណែង ​ខ្សែ​បម្រើ​ការពារ សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ បាន​ដាក់​ខ​សន្យា​ជាមួយ​មិត្ត​រួម​ក្លឹប​ទាំង​អស់ ថា​ប្រសិន​ណា​រដូវ​កាល ២០២៣/២៤ គេ​អាច​រក​បាន​សរុប ១០ គ្រាប់ នោះ​មិន​ថា​កីឡាករ​ចាស់​ថ្មី ឲ្យ​តែ​មាន​ឈ្មោះ​នៅ​ឈុត​ធំ ក្នុង​ការ​ប្រកួត​ផ្លូវការ តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​តែ​តឺនុយ ឬ​សន្លោះ​អាវ​ក្នុង​ខោ ដូច​ជា​អ្វី​ដែល​ខ្លួន​ទម្លាប់​ធ្វើ​រៀងរាល់​ការ​ប្រកួត​យ៉ាង​ដូច្នោះ​ដែរ។

ដូច​ធ្លាប់​បាន​ដឹង មួយ​ក្រុម Man City តាំង​ពី​អ្នកចាំទី ដល់​ប្រយុទ្ធ គ្មាន​នរណា​ទម្លាប់​តឺនុយ​ក្នុង​ការ​ប្រកួត​ទេ លើកលែង​តែ​អតីត​ខ្សែ​បម្រើ​ក្លឹប Atletico Madrid ខាង​លើ​មួយ​រូប​គត់ ដែល​ការ​ប្រកួត​ក្តៅ​គគុក​តានតឹង​យ៉ាង​ណា ក៏​ឈុត​របស់​គេ​នៅ​តែ​ភ្លឹង​ស្អាត អាវ​ជាប់ក្នុង​ខោ​​ជានិច្ច។

ដល់​ហើយ​គេ​ក៏​ចង់​ឃើញ​អ្នក​រាល់​គ្នា​អនុវត្ត​សកម្មភាព​ចម្លែក​មួយ​នេះ (បញ្ជាក់៖ យើង​ប្រើ​ពាក្យ​ចម្លែក មិន​សំដៅ​ថា​ជា​កាយវិការ​មិន​ល្អ​នោះ​ទេ គ្រាន់​ថា​វា​ខុសប្លែក​ពី​កីឡាករ​ទូទៅ​តែ​ប៉ុណ្ណោះ​ឯង) ទៅ​លើ​គ្រប់​បណ្តា​មិត្ត​រួម​ទ្រនំ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទាំង​អស់។ Rodri បញ្ជាក់​ថ្មីថ្មោង​យ៉ាង​ដូច្នោះ៖ “ខ្ញុំ​បាន​និយាយ​ជាមួយ​កីឡាករ​ក្នុង​ក្រុម ថា​បើ​ខ្ញុំ រក​បាន ១០ គ្រាប់​រដូវ​កាល​នេះ ពួក​គេ​ត្រូវ​តែ​យល់ព្រម​ដាក់​អាវ​ចូល​ក្នុង​ខោ​ក្នុង​ការ​ប្រកួត​ណា​មួយ​ដូច​ជា​ខ្ញុំ​ព្រម​គ្នា រួម​បញ្ចូល​ទាំង Ederson”។

ដល់​តែ​គិត​មក​ទល់​ម៉ោង​នេះ​ថ្ងៃ​នេះ កីឡាករ​មាឌ​ឌាំង​កម្ពស់​បាន វ័យ ២៧ ឆ្នាំ គេ​សម្រេច​រក​បាន ៧ គ្រាប់​ហើយ ខណៈ​ការ​ប្រកួត​នៅ​លីគ​កំពូល Premier League សេសសល់ ៩ ជុំ នៅ UEFA Champions League សេសសល់ ​៥ ប្រកួត និង FA Cup សល់ ២ ប្រកួត ស៊ីសង​លើ​សមិទ្ធផល​ក្លឹប​សម្រេច។ បែប​នេះ ៣ គ្រាប់ បើ​ថ្លឹង​ឲ្យ​ធ្ងន់​ទៅ ក៏​មិន​ជា​ពិបាក​យក​ពេក​ដែរ។

មួយ​ទៀត​បើ​យើង​មើល​កំណត់ត្រា​ដែល​កំពុង​ឆ្លាក់​ជាប់​នឹង​ឈ្មោះ ​ខ្សែ​បម្រើ​បិទ​ក៏​ជាប់​រាប់​តួ​លេខ​ G/A ក៏​ទៅ​រួច គឺ​គេ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ ក្នុង​ការ​ប្រកួត​ទាំង ៦៣ លើក​ជាប់ៗ​គ្នា ប្រហាក់ប្រហែល​នឹង​កំឡុង​ពេល ៤២០ ​ថ្ងៃ នេះ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Premier League ទើប​តែ​មាន Rodri ម្នាក់​គត់​អាច​ធ្វើ​បាន។

រំឭក​ឲ្យ​ដឹង ​កាល​បរិច្ឆេទ​ប្រកួត​បន្ទាប់​សំពៅ​មាស​ត្រូវ​ជួប Aston Villa និង Crystal Palace នៅ​ថ្ងៃ​ទី ០៤ និង ០៦ មេសា​ខាង​មុខ។ អ៊ីចឹង​រង់ចាំ​ទស្សនា​លើ​ទំព័រ CTS SPORTS ដូច​គ្នា ព្រោះ​ថា​មិន​ត្រូវ​មើល​មិន​ឃើញ ៣ គ្រាប់​ចេញ​ពី​ថ្វី​ជើង Rodri អាច​នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​នេះ​ផង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT