អាយុ​ទើប ១៩ ​តែ IshowSpeed ទិញ​កាដូ​ខ្នាត​យក្ស​ជូន​ខ្លួន​ឯង អម​ការ​បង្ហាញ​ទឹកចិត្ត​គាំទ្រ CR7 ជា​ពិសេស

Darren Jason Watkin Jr. ឬ​បងប្អូន​យើង​ស្គាល់​ជា IshowSpeed ដែល​មាន Subscriber ជាង ២៣,៤ លាន​នាក់​លើ​ YouTube កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ប្រកាស​បង្ហាញ​នូវ​កាដូ​មាន​តម្លៃ​រាប់​សិប​មុឺន​ដុល្លារ ទិញ​ជូន​ខ្លួន​ឯង​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត ហើយ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ទឹកចិត្ត​ស្រលាញ់​គាំទ្រ Cristiano Ronaldo ដោយ​ឥត​ញញើត​នោះ​ដែរ។

តារា YouTuber ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា Rapper ​មួយ​រូប ខាង​លើ បាន​ចាប់ផ្តើម​ប្រលូក​ក្នុង​វិស័យ​មួយ​នេះ​តាំង​ឆ្នាំ ២០១៧។ ដំបូង​ឡើយ​គេ​មាន​បង្ហោះ​នូវ​មាតិកា​នៃ​ការ​លេង​ហ្គេម​ដូច FIFA, Fortnite និង Roblox ជា​ដើម លុះ​ក្រោយៗ​មក​ឃើញ​ប្រឡូក​ទៅ​ក្នុង​វិស័យ​បាល់ទាត់ ដូច​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង Cristiano Ronaldo, Lionel Messi និង​ការ​ចុះ​ទៅ​ទស្សនា​នៅ​កីឡដ្ឋាន​ផ្ទាល់​ធំៗមួយចំនួន។

​យុវជន​សញ្ជាតិ​អាមេរិក ដែល​កើត​នៅ​ថ្ងៃ​ទី ២១ មករា ឆ្នាំ ២០០៥ ​មាន​កម្ពស់ ១,៧៥ សព្វថ្ងៃ​មាន​អាយុ ១៩ ឆ្នាំ នរណា​ក៏​ដឹង​ដែរ ថា​គេ​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់ Cristiano Ronaldo។ ហេតុផល​នេះ​បូក​ផ្សំ​នឹង​​ភាព​ក្រមិចក្រមើម ចរិត​លក្ខណៈ​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ កាន់​តែ​រុញ​ឲ្យ Speed គេ​ទទួល​បាន​ភាព​ល្បី​រន្ទឺ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃ​នេះ ក៏​ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​ត្រឹម​មួយ​ពព្រិច​ភ្នែក។

គេ​ទើប​តែ​បាន​ទិញ​ Super Car ​ម៉ូដែល Lamborghini Huracan ​មក​បិទ​តែម​លេង​ម៉ូត​តាម​ចំណង់​ចិត្ត​មួយ​ទំហឹង ដោយ​មាន​រចនាបថ​ពីរ​ពណ៌ បៃតង និង​ក្រហម​ក្រមៅ​តំណាង​ឲ្យ​ទង់ជាតិ​ប្រទេស​ព័រទុយហ្គាល់ និង​រូប​ Cristiano Ronaldo លោត​ស្ទាយ​អបអរ “Siuuuuuu” លើ​ផ្នែក​ខាង​មុខ​រថយន្ត បង្ហាញ​ច្បាស់ៗ​ថា​ខ្លួន​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​តារា​ឆ្នើម​នៃ​ក្លឹប Al-Nassr។

​ទាំង​តម្លៃ​រថយន្ត និង​ការ​តុបតែង​ផ្សេងៗ Speed អះអាង​ថា​ខ្លួន​ចាយ​លុយ​អស់ ៥០ មុឺន​ឬ​ល្បាក់​កន្លះ​លាន​ដុល្លារ​អាមេរិក ខណៈ​តាម​របាយការណ៍​ចុងក្រោយ​ធ្លាប់​ចុះ​ផ្សាយ បាន​ប៉ាន់ប្រមាណ​ទ្រព្យសម្បត្តិ​រួម​របស់​ក្មេង​តូច​ខាង​លើ ​មាន​សរុប​ចន្លោះ ១០ ទៅ ១២ លាន​ដុល្លារ។ បញ្ជាក់​ចំពោះ​រថយន្ត​ស្ព័រ​ខាង​លើ ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៥,២ លីត្រ V-10 ដែល​អាច​ផលិត​កម្លាំង ៦៣១ សេះ អាច​បង្កើត​ល្បឿន​ជាអតិបរិមា ៣២៥ គ.ម/ម៉ ជាមួយ​កម្លាំង​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៩ វិនាទី​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ដែរ​ថា Speed ដែល​មាន​អាយុ​បង ៦ ឆ្នាំ​ធៀប​នឹង​កូន​ប្រុស​ច្បង​របស់ Ronaldo គឺ Cristiano Jr កន្លង​មក​ក៏​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា រួម​ទីលាននៅឈុតថ្នាល​នឹង​គ្នា​ដោយ​ផ្ទាល់​ផង​ដែរ ដូច​កាល​ប្រកួត​មិត្តភាព Riyadh Cup គ្រាឈុតធំ Al-Nassr ប៉ះ Inter Miami។

ចុងក្រោយ​ងាក​ទៅ​មើល​តារា​បាល់ទាត់​ចាស់​វស្សា​វ័យ ៣៩ ឆ្នាំ​បន្តិច​វិញ យប់មិញ​នៅ​ជ័យជម្នះ​យក​ឈ្នះ ៥-១ ទៅ​លើ Al-Tai ក៏​លោក​ចូលរួម​ចំណែក​រក​បាន​គ្រាប់​បាល់ Hat-trick យ៉ាង​​វិសេស​ផង​ដែរ ដែល​វា​ជា Hat-trick ទី ៦៤ ក្នុង​អាជីព​ច្រើន​ដាច់​គេ​បង្អស់​ហើយ​ក្នុង​លោក ខណៈ​ស្ថិតិ​នៅ​ SPL ចាប់តាំង​ការ​ផ្ទេរ​មក ៣៩ ប្រកួត អាច​រក​បាន​ដល់​ទៅ ៤០ គ្រាប់ បន្ថែម ១១ Assists និង Hat-trick ៤ លើក ក៏​ជាមួយ​ការ​ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ Player of the Month Awards ៤ លើក​ដូច​គ្នា៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT