​ឈ្នះ​ច្រើន​បទពិសោធន៍​គេ​ក្រាស់ Messi ចុច​ឈ្មោះ​កីឡាករ ៤ រូប​អាច​ជា​អនាគត​ម្ចាស់​ពាន Ballon d’Or

២០០៩,១០,១១,១២,១៥,១៩,២១ និង ២០២៣ គឺ​ជា​សម័យកាល​ទាំង ៨ ដែល​ស្តេច​បាល់ទាត់​អាហ្សង់ទីន Lionel Messi ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ម្ចាស់​ពាន​ឯកត្តជន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ Ballon d’Or ក៏​រាប់​ជា​អ្នក​ឈ្នះ​ច្រើន​បំផុត​ផង​ដែរ ឥត​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។

ហែល​កាត់​បទពិសោធន៍​ក្រាស់ក្រែល ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​ម្ចាស់​ជើង​ឯក World Cup ​អាច​ដាក់​ភ្នែក​មើល​នរណា​ម្នាក់​មិន​ងាយ​ខុស​ឡើយ ជាក់ស្ដែង​កន្លង​ទៅលោកធ្លាប់បាន​បង្ហាញ​ការ​ព្យាករណ៍​នូវ​យុវជន ៤ រូប មាន​ឥទ្ធិពល​ខ្ពស់​នឹង​អាច​ក្លាយ​ជា​ម្ចាស់​ពាន​របស់ France Football ​នា​ពេល​អនាគត។

ខ្សែ​ប្រយុទ្ធ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប​នៅ MLS វ័យ ៣៦ ឆ្នាំ លើក​ឡើង៖ “បើ​សួរ​ខ្ញុំ​អំពី​កីឡាករ​ដែល​នឹង​អាច​មាន​លទ្ធភាព​ប្រជែង​ពាន Ballon d’Or ​នៅ​ឆ្នាំ​ខាង​មុខ? នោះ​គឺ​នឹង​មាន​ការ​ប្រកួតប្រជែង​ដ៏​ជក់ចិត្ត​ដូច​កីឡាករ Erling Haaland, Kylian Mbappe, Vinicius Jr ​និង​កីឡាករ​វ័យ​ក្មេង​ផ្សេង​ទៀត ដែល​ខ្ញុំ​ក៏​គិត​ដល់ Lamien Yamal”។

លោក​បន្ត​ថា៖ “គេ​ម្នាក់​នេះ នៅ​ក្មេង ហើយ​កំពុង​លេង​ឲ្យ Barcelona ទៅ​មុខ​នឹង​ចូលរួម​ក្នុង​តំណែង​ដ៏​សំខាន់ តែ​ក៏​អាច​មាន​អ្នក​ផ្សេង​ជា​កីឡាករ​ថ្មីៗ​បន្ថែម​ទៀត យើង​មិន​អាច​ដឹង​ជា​មុន ជា​រួម​ទៅ នឹង​ក្លាយ​ជា​រជ្ជកាល​ថ្មី ដែល​នឹង​រីករាយ​ក្នុង​ការ​ទស្សនា​ជា​ទី​បំផុត”។

ការ​លើក​ឡើង​នេះ ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល ត្រង់​បាន​រាប់​រំលង​ឈ្មោះ​ខ្សែ​បម្រើ​ពូកែ​បញ្ចប់​ទី Jude Bellingham ដែល​ពេល​ចុង​ក្រោយ​គេ​បាន​ឈ្នះ​ពាន Kopa Trophy និង​ឈរ​លេខ​រៀង​ទី ១៨ នៅ​ចំណាត់ថ្នាក់ Ballon d’Or។ រួច​បើ​មើល​អំពី​ស្ថិតិ​របស់​គេ ក៏​ខ្លាំង​ណាស់​ដែរ ៣១ ប្រកួត អាច​រក​បាន​ដល់​ទៅ ២០ គ្រាប់​និង Assist ៩ លើក​ឯ​ណោះ។

ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ចូល​និវត្ត ដែល​ខាង​គូ​ប្រជែង Cristiano Ronaldo ធ្លាប់​បាន​គូ​ស្នេហ៍ Georgina Rodriguez ​បង្ហើប​ថា ទំនង ២-៣ ឆ្នាំ​ទៀត ពោល​អាច​ចូល​ល្បាក់​អាយុ ៤១ ឬ ៤២ ឆ្នាំ។ ដល់​តែ​ថ្ងៃ​នេះ Messi ឆ្លើយតប​ជុំវិញ​អនាគត​របស់​ខ្លួន​ជា​ថ្មី ក្រោម​ចម្លើយ​យ៉ាង​ខ្លី បើ​នៅ​លេង​ល្អ​គឺ​បន្ត តែ​បើ​ធ្លាក់​ទម្រង់​ហើយ​គឺ​នឹង​ប្រកាស​ព្យួរ​ស្បែក​ជើង។

អតីត​តារា​ឆ្នើម​ Barca បន្ត​រៀបរាប់៖ “ខ្ញុំ​នឹង​សម្រេច​ចិត្ត​ចូល​និវត្ត​ក្នុង​ពេលវេលា​ដែល​មើល​ឃើញ​ខ្លួន​ឯង​មិន​អាច​បង្ហាញ​នូវ​កម្រិត​ដែល​ខ្ញុំ​រីករាយ​នឹង​ចង់​បាន និង​នៅ​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​ខ្លួន​ឯង​លែង​អាច​ជួយ​មិត្ត​រួម​ក្រុម ដូច​និយាយ​តាំង​ពី​ដំបូង មនុស្ស​ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់ ថា​ពេល​ណា​ខ្លួន​ឯង​ល្អ ពេល​ណា​ខ្លួន​អាក្រក់ ដូច្នេះ​បើ​ដើរ​ដល់​អារម្មណ៍​មួយ​នោះ ក៏​វា​នឹង​ជា​ពេលវេលា​ក្នុង​ការ​បោះជំហាន​បន្ទាប់​ដែរ ពោល​មិន​គិត​លើ​កត្តា​អាយុ​ជា​ធំ​ឡើយ”។

នេះ​ចប់ EURO 2024 ខាង​មុខ សម្រាប់​បុរស​មាន​ដើម​កំណើត​ចេញ​ពី​ទីក្រុង Rosario នឹង​ឈាន​ចូល​អាយុ ៣៧ ឆ្នាំ​ហើយ ដោយឡែក​បើ​រង់ចាំ​ដល់​ចប់ World Cup 2026 នឹង​បន្ថែម​តួ​លេខ​ដល់ ៣៩ ឆ្នាំ។ ចុះ​យោបល់​របស់​គ្នា​យើង​វិញ គិត​ថា Messi ​អាច​នឹង​ព្យួរ​ស្បែក​ជើង​នៅ​អាយុ​ប៉ុន្មាន ហើយ​ជាមួយ​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ចុងក្រោយ​ណា​ដែរ​ទៅ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT