Ronaldo ជា​អ្នក​បើក​ទ្វារ តែ Mourinho ថា​លោក​បិទ​បេះដូង​ខ្លួន​ឯង មិន​ទៅ​ Saudi ដោយសារ​ ៣ ហេតុផល​នេះ

រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ មករា មក​ទល់​សព្វថ្ងៃ​ចូល​ជាង​ពីរ​ខែ​ហើយ​ដែល​អ្នកចាត់ការ​លោក Jose Mourinho មិន​មាន​ទ្រនំ​ឈរ​ជើង ដោយឡែក​បើ​សួរ​ថា តើ​អនាគត​ទៅ​មុខ​លោក​នឹង​ចាប់​យក​ក្លឹប​ណា​បន្ទាប់​ទៀត? ចម្លើយ​អាច​មាន​ច្រើន តែ​មួយ​ក្នុង​ចំណោម​នោះ គឺ​បដិសេធ​យ៉ាង​ដាច់អហង្ការ ​ពោល​បណ្តា​ក្លឹប​ទាំង​អស់​នៅ​អារ៉ាប៊ីសាអូឌីត ឬ Saudi Pro League នឹង​មិន​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​លោក​ទេ។

គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់ ធ្លាប់​មាន​របាយការណ៍​ថា បដិសេធ​ប្រាក់​វាល់​លាន​កាល​ពី​ចុង​ខែ​មករា ត្រង់​ក្លឹប​ Al-Shabab នៅ SPL ពិត​ជា​បាន​ទាក់ទង​មក យ៉ាង​ណា Mourinho មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ​ឡើយ។ នៅ​ពី​ក្រោយ​នោះ មាន​ហេតុផល ៣ ចំណុច​គត់ សម្រេច​ឲ្យ​គ្រូ​វ័យ ៦១ ឆ្នាំ ​ហ៊ាន​និយាយ​ថា “ទេ” ទៅ​កាន់​ឃ្លាំង​លុយ​ដោយ​ឥត​ញញើត​មាត់។

អតីត​អ្នកចាត់ការ​ក្លឹប FC Porto បាន​រៀបរាប់​កាល​ពី​ពេល​ថ្មីថ្មោង៖ “ខ្ញុំ​យល់​ថា Cristiano ជា​អ្នក​បើក​ទ្វារ ក៏​ហៅ​បាន​ជា​អ្នកចាប់ផ្តើម​ឲ្យ​អ្នក​រាល់​គ្នា​ដាក់​ការ​ជឿជាក់​ថា គ្រប់​យ៉ាង​វា​អាច​កើត​ឡើង​ទៅ​រួច​នៅ​អារ៉ាប៊ីសាអូឌីត ទាំង​ការ​រស់នៅ ការ​រីករាយ​នៅ​ទី​នោះ ការ​អភិវឌ្ឍ​ដែល​ចង់​ឲ្យ​វិស័យ​បាល់ទាត់​មាន​ភាព​ខុស​ប្លែក​ឡើង”។

លោក​បន្ត​ថា៖ “តែ​យ៉ាង​ណា នេះ​វា​ត្រឹម​ជា​ចំណង់ ហើយ​ការ​អភិវឌ្ឍ​បាល់ទាត់​ពិត​ប្រាកដ ​វា​មិន​អាច​កើត​ឡើង​ទៅ​ឡើយ ខ្ញុំ​យល់​ថា ហិរញ្ញវត្ថុ​របស់​យើង​ម្នាក់ៗ​ពិត​ជា​សំខាន់ ខ្ញុំ​ធ្លាប់​ទទួល​បាន​សំណើ​ពី​ខាង​នោះ​ដែរ តែ​ខ្ញុំ​បាន​បដិសេធ ព្រោះ​ទី ១) គឺ Roma ពិត​ជា​សំខាន់​សម្រាប់​ខ្ញុំ ទី ២) គឺ​កាតព្វកិច្ច​នៃ​បាល់ទាត់​អឺរ៉ុប​ដែល​កំពុង​មាន ​និង​ទី ៣) គឺ​ឆន្ទៈ​របស់​ខ្ញុំ​ផ្ទាល់”។

“តែ​ថ្ងៃ​នេះ​ខ្ញុំ​មក​អារ៉ាប៊ីសាអូឌីត គឺ​ដើម្បី​មក​កម្សាន្ត​រយៈ​ពេល ៣ ​ថ្ងៃ មក​មើល​ប្រដាល់ មក​មើល​ការ​ប្រណាំង​រថយន្ត Formula 1 ជាមួយ​មិត្តភក្តិ តែ​មិន​បាន​មក​ចុះ​កុងត្រា​ណា​មួយ​ឡើយ ណា​មួយ​ដោយសារ​ខ្ញុំ​មាន​ពេលវេលា​សម្រាក​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ផង​មុន​រដូវ​ក្តៅ​មក​ដល់”។

រំឭក​ថា កាល​នៅ​ក្លឹប​ចាស់​ក្នុង​ទឹកដី​អ៊ីតាលី Mourinho គេ​រក​បាន​ជាង ១៤ លាន​ដុល្លារ/ឆ្នាំ ហើយ​ជួយ​ក្លឹប​សាង​កំណត់ត្រា​កាន់​ពាន​អឺរ៉ុប Europa Conference League ជា​លើក​ដំបូង​បាន​មួយ​គ្រឿង។ តាម​ពិត​ជាមួយ​ខាង​អារ៉ាប៊ីសាអូឌីត​មិន​ត្រឹម​តែ​ក្លឹប​ចង់​បាន​ទេ សូម្បី​ជម្រើសជាតិ​នៅ​អាស៊ី​មួយ​នោះ ក៏​ធ្លាប់​ល្ហៀងៗ​ចង់​ថ្ពក់​យក​វត្តមាន Mourinho ទៅ​ដឹកនាំ​ផង​ដែរ ពោល​តាំង​ឆ្នាំ​ទៅ ២០២៣ លឺ​ហ៊ាន​ឲ្យ​ជិត ៦៥ លាន​ដុល្លារ/ឆ្នាំ បើ​ព្រម​ទៅ​ដឹកនាំ ២ រដូវ​កាល ដែល​វា​ល្មម​នឹង​រុញ​ឲ្យ​លោក​ក្លាយ​ជា​អ្នកចាត់ការ​ស៊ី​ថ្លៃ​ខ្ពស់​ដាច់​គេ​ក្នុង​លោក ពី​លើ​ឈ្មោះ Diego Simeone សព្វថ្ងៃ ទទួល​បាន​មួយ​ឆ្នាំ​ល្បាក់ ៥០ លាន​ដុល្លារ។

នេះ​បើ​គ្រូ​ជាប់​រហស្សនាម “Special One” ពិត​ជា​អាច​បន្ត​រក្សា​ឆន្ទៈ​បដិសេធ​សំណើ​ពី​ខាង​មជ្ឈិមបូព៌ា អ៊ីចឹង​ការ​ព្យាករណ៍​លើ​ភាគរយ​ខ្ពស់ សម្រាប់​ទ្រនំ​បន្ទាប់​របស់​លោក គឺ​អាច​ជា​តោ​ខៀវ Chelsea ឬ​សេះ​សមុទ្រ Newcastle United ដែល​មួយ​រយៈ​ក្រោយ​រាង​ធ្លាក់​ទម្រង់ អាច​ទាមទារ​ការ​ផ្លាស់ប្តូរ​តំណែង​អ្នកចាត់ការ៕

ប្រភព៖ បរទេស​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT