Gerard Pique បង្ហាញពីអ្វីដែល Messi គិតចំពោះ Ronaldo

Gerard Pique បានទទូចថាអតីតមិត្តរួមក្រុម Barcelona កីឡាករ Lionel Messi ‘មិនខ្វល់’ ចំពោះការប្រជែងគ្នាជាមួយ Cristiano Ronaldo ខណៈពេលដែលគាត់មានអំណាចខ្លាំងបំផុតនៅ Camp Nou។ការជជែកវែកញែករវាង Messi និង Ronaldo បានគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយបាល់ទាត់អស់រយៈពេលជាង ១៥ឆ្នាំមកហើយ ជាពិសេសកំឡុងពេលអ្នកទាំងពីរលេង El Clasico ដែលជាគូប្រជែងរវាង Barcelona និង Real Madrid។ ពេញមួយអាជីពរបស់អ្នកទាំងពីរ Messi និង Ronaldo បានឈ្នះពាន Ballons d’Or សរុប ១៣ដង។

ខណៈពេលដែលអ្នកទាំងពីរត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត សម្រាប់មនុស្សជាច្រើនបានចាត់ទុកថា Messi ស្ថិតនៅលេខ១លើ Ronaldo ដោយសារតែការឈ្នះពានរង្វាន់ FIFA World Cup ២០២២ ជាមួយអាហ្សង់ទីន ដែលជាស្នាដៃដែល Ronaldo មិនបានសម្រេចជាមួយព័រទុយហ្គាល់។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ TalkSPORT អតីតមិត្តរួមក្រុមរបស់ Messi លោក Pique បានផ្តល់ការយល់ដឹងអំពីការយល់ឃើញរបស់ Messi ទៅលើ Ronaldo ដូច្នេះថា៖

“តើ Messi ខ្វល់ពី Cristiano Ronaldo ឬទេ? ទេ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។ គាត់ផ្តោតលើក្រុម។ សូម្បីតែពេលដែលគាត់ស្ថិតនៅលើទំព័រមុខវិទ្យុ ទូរទស្សន៍ ក៏គាត់ផ្តោតតែលើការឈ្នះពានរង្វាន់សម្រាប់ក្រុមរបស់គាត់តែប៉ុណ្ណោះ។នៅទីបញ្ចប់ ដោយសារតែគាត់ល្អបំផុតនៅពេលនោះ គាត់ក៏បន្តឈ្នះពាន Ballon d’Or។ ប៉ុន្តែនោះមិនមែនជាអាទិភាពរបស់គាត់ទេ។”

ដោយបានលេងជាមួយ Ronaldo មួយរយៈខ្លីក្នុងអំឡុងពេលរបស់គាត់នៅ Manchester United អតីតខ្សែការពារអេស្ប៉ាញ Pique ក៏បានផ្តល់ការយល់ដឹងអំពីផ្នត់គំនិតរបស់វីរបុរសព័រទុយហ្គាល់ដែរថា៖

“គាត់បានចាប់ផ្តើមជាខ្សែបម្រើស្លាបនៅ Manchester United គាត់មានភាពប៉ិនប្រសប់នៅពេលគាត់ផ្លាស់ទៅ Madrid គាត់ចាប់ផ្តើមក្លាយជាអ្នករកគ្រាប់បាល់ដ៏ជំនាញ។ នៅ United ពេលខ្ញុំលេងជាមួយគាត់ គាត់ចូលចិត្តលេងតិចនិច និងប៉ិនប្រសប់ណាស់។ ប៉ុន្តែខ្ញុំជឿជាក់ថាគាត់ដឹងថានៅ Real Madrid ប្រសិនបើអ្នកចង់ក្លាយជាកីឡាករល្អបំផុត អ្នកត្រូវតែរកគ្រាប់បាល់ឱ្យបានច្រើន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT