ខុស​ម្តង​លក់​ផ្ទះ​មួយ​ប្លង់​ក៏​សង​គេ​មិន​ចង់​គ្រប់ ទោះ Son លើក​លែង តែ Lee Kang-in អាចនៅ​ជាប់​ពិន័យ​ធ្ងន់​នេះ

ពាក់ព័ន្ធ​រឿងរ៉ាវ​ប៉ះ​ទង្គិច​រវាង​កីឡាករ​វ័យ​ក្មេង Lee Kang-in និង​រៀម​ច្បង​ប្រធាន​ក្រុម Son Heung-min មក​ទល់​ពេល​ចុងក្រោយ ទោះ​មាន​ការ​សម្របសម្រួល ហើយ​សម្រេច​លើកលែង​ពី​សំណាក់​សមាជិក​ក្លឹប Spurs តែ​ងាក​ទៅ​តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain គឺ​មិន​ប្រាកដ​ថា​ចប់​តែ​ប៉ុណ្ណឹង​ទេ ត្រង់​គេ​ប្រឈម​នឹង​ល្មើស​ច្បាប់​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជា​ដៃ​គូ​ផ្សព្វផ្សាយ អាច​ពិន័យ​ប្រាក់​ខ្ទង់​លាន​ដុល្លារ។

សារ​ថយ​ក្រោយ​ទៅ​រឿង​ហេតុ​កើត​ឡើង​បន្តិច បន្ទាប់​តែ​ពី​កីឡាករ​វ័យ ២៣ ឆ្នាំ មិន​ស្តាប់​ការ​ណែនាំ​របស់​ប្រធាន​ក្រុម Son កាល​ពី​មុន​ប្រកួត​ទល់​ហ្សកដានី​នៅ​វគ្គ ៤ ក្រុម​ចុងក្រោយ AFC Asian Cup ​នា​ដើម​ខែ ក៏​កើត​ការ​ប៉ះ​ទង្គិច​កាយវិការ​ធ្ងន់ៗ​ចេញ​ពី Kang-in ទៅ​លើ​សិស្ស​ច្បង​វ័យ ៣១ ឆ្នាំ ដល់​របួស​ផ្នែក​ម្រាម​ដៃ រុំ​បង់​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ។

បន្តបន្ទាប់​មក​ខាង​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង​ក៏​ចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​រឿង​នេះ ហើយ​ក្រោយ​មក​ក៏​សម្របសម្រួល​ពី​ភាគី​សងខាង រួម​ទាំង​អ្នកចាត់ការ កីឡាករ​រួម​ជម្រើស​ជាតិ​ទាំង​អស់ មក​ទល់​ព្រឹក​ថ្ងៃ​ពុធ ទី ២១ មករា គណនី​ផ្លូវការ​របស់ Son ដែល​មាន Follower ១៣,៨ លាន​នាក់ បាន​បង្ហោះ​រូបភាព​ពោរពេញ​ដោយ​ស្នាម​ញញឹម​ជាមួយ Kang-in ហើយ​សរសេរ​ថា៖ “សួស្តី នេះ​គឺ Heung-min Son ដោយ Lee Kang-in គេ​បាន​ទទួល​ស្គាល់​និង​សុំ​អភ័យទោស​ចំពោះ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម រួម​ទាំង​ខ្ញុំ​ផង​ដែរ”។

“កាល​ខ្ញុំ​នៅ​ក្មេង ក៏​ខ្ញុំ​បាន​បង្ក​កំហុស​ជា​ច្រើន​ដែរ មើល​ទៅ​អាក្រក់ តែ​គិត​ថា​មុន​ខ្ញុំ​មក​ដល់​ចំណុច​នេះ គឺ​ពិត​ជា​មាន​ការ​ណែនាំ​ដ៏​ល្អ និង​បង្ហាត់បង្រៀន​ពី​សិស្ស​ច្បង នេះ​ពួក​យើង​ធានា​ថា Kang-in គេ​នឹង​មិន​បង្ក​កំហុស​បែប​ហ្នឹង​ម្តង​ទៀត តែ​វា​ក៏​ជា​ឱកាស​ឲ្យ​ខ្ញុំ​ជា​ប្រធាន​ក្រុម​ស្គាល់​ពី​សមាជិក​កាន់​តែ​ច្បាស់ ​គេ​ពិត​ជា​ទទួល​ពេលវេលា​ដ៏​លំបាក”។

“ខ្ញុំ​សុំ​ឲ្យ​អ្នក​រាល់​គ្នា ទទួល​យក​ការ​អភ័យទោស​របស់​គេ ហើយ​យើង​បន្ត​ក្នុង​ភាព​ជា​ក្រុម​តែ​មួយ បាល់ទាត់​គឺ​ពោរពេញ​ដោយ​ការ​ស្រលាញ់ ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​របស់​យើង​នឹង​រីកចម្រើន​ឡើង ជា​ថ្មី​ម្តង​ទៀត តំណាង​ជា​ប្រធាន​ក្រុម ខ្ញុំ​ពិត​ជា​មាន​ការ​សុំទោស​ជា​ខ្លាំង”។

បើ​ទោះបី​ពាក្យ​សម្តី​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​យល់ស្រប និង​ទទួល​យក តែ​ងាក​ទៅ​ក្រុមហ៊ុន​ដែល​បាន​សហការ​ជួល Kang-in ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជូន​ពួក​គេ ហាក់​មិន​ទាន់​ព្រមព្រៀង​នៅ​ឡើយ។ Sponsor ធំ ២ របស់​ខ្សែ​បម្រើ​កម្ពស់ ១,៧៣ ​ម៉ែត្រ មាន Nexon និង​ក្រុមហ៊ុន​ទូរគមនាគមន៍ KT ​បាន​កំពុង​ប្តឹងផ្តល់ ល្មម​ឲ្យ​កីឡាករ​វ័យ​ក្មេង​ខាង​លើ​វិល​ក្បុង​លើ​ខ្ទង់​ចំណាយ​ទឹក​ប្រាក់​ពិន័យ​ចន្លោះ ៣,៦ ទៅ ៥,៧ លាន​ដុល្លារ។

ការ​ប្តឹងផ្តល់​ចេញ​ពី​ភាគី​ក្រុមហ៊ុន​ដែល​បាន​ជួល​គេ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​ក៏​ដោយសារ​តែ​កីឡាករ​បាន​បង្កើត​ភាព​ចម្រូងចម្រាស​ខូច​ឈ្មោះ​ខ្លួន​ឯង​លើ​បណ្តាញសង្គម​ជា​សាធារណៈ ​ក៏​ជា​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​យីហោ​របស់​ក្រុមហ៊ុន​ផង​ដែរ។

តួ​លេខ​នេះ​ខ្ពស់​កប់​ពពក ដ្បិត​ប្រាក់​ឈ្នួល​សព្វថ្ងៃ​នៅ PSG ឈរ​ជើង​មួយ​ឆ្នាំ​ពេញ អាច​ទទួល​បាន​ត្រឹម ៤,៣ លាន​ដុល្លារ​ប៉ុណ្ណោះ។ បើ​យើង​ធៀប​នឹង​តម្លៃ​ផ្ទះ​ឬ​ភូមិគ្រឹះ​របស់​កំពូល​កីឡាករ​មួយ​ចំនួន គឺ​ល្មម​នឹង​លក់​ចេញ​មួយ​ប្លង់​ធំ ទើប​អាច​សង​ប្រាក់​ពិន័យ​គេ​រួច៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT