កន្លងមកដាំពេលវេលានៅក្លឹបចាស់ថ្មីអង់គ្លេសជិត ២០ ឆ្នាំ ឥតស្គាល់រសជាតិកាន់ពានមួយ ក៏ទីបំផុតជ្រើសការផ្ទេរមក Bayern Munich គិតថាក្លឹបយក្សអាល្លឺម៉ង់ ទំនងអាចផ្តល់ឱកាសឈ្នះជើងឯកជាលើកដំបូងសម្រាប់ខ្លួន មិនពិបាកដូចនៅអង់គ្លេស។ តែការពិតមិនដូចការគិត លទ្ធផលចេញមកគឺផ្ទុយស្រឡះទៀតហើយ សម្រាប់កីឡាករជាប់រហស្សនាម “បុរសស៊យ” Harry Kane។
២ ក្នុងចំណោមពានទាំង ៤ ដែល Kane អាចមានលទ្ធភាពកត់ឈ្មោះចូល ជាមួយក្លឹបស្ថិតក្នុងទីក្រុង Munich ពេលនេះរបូតអស់ពីរហើយ ជាក់ស្តែង DFB-Pokal ធ្លាក់ត្រឹមជុំទី ២ ហើយ DFL-Supercup បានត្រឹមតំណែងជើងឯករង។ ងាកមកបច្ចុប្បន្នភាព ក្លឹបសល់ឱកាសជាមួយ Bundesliga និង UEFA Champions League ហើយក្រឡេកទៅមើលស្ថានភាពប្រជែងលីគកំពូល មើលទៅតឹង មហាសែនតឹងខុសពីរដូវកាលសព្វមួយដង។
បើចាក់ឲ្យជ្រៅ វាស់ឲ្យឆ្ងាយ សារថយក្រោយសមិទ្ធផល Bayern ធ្លាប់សម្រេចនៅ Bundesliga ទើបអ្នកដឹងថា ព្រហ្មលិខិតហាក់កំពុងធ្វើទុក្ខបុកម្នេញខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំខាងលើ មួយចាស់ដៃ ត្រង់រយៈពេល ១០ ឆ្នាំចុងក្រោយ រាប់តាំង ២០១៣ មកទល់ ២០២៣ គ្មានរដូវកាលណាមួយ ដែលក្លឹបខកខានការលើកពានរង្វាន់នោះទេ។
ដល់តែងាកមកចូលរដូវកាលនេះ ក្រឡាក្លឹបដឹកនាំដោយអ្នកចាត់ការ Thomas Tuchel មើលទៅហាក់មិនស្រួល បន្ទាប់ប្រកួតចុងក្រោយចាញ់ Bayer Leverkusen ៣-០ ដែលជាសញ្ញាឲ្យតម្រុយជាមុន ក្នុងការខកខានឈ្នះពាន នៅភាគរយខ្ពស់។ Kane មកចំរជ្ជកាលមាសរបស់ Leverkusen ដែល Xabi Alonso ដុសខាត់ក្លឹបមួយនេះ ឲ្យឡើងជើងមួយទំហឹង ក៏មិនទាន់ស្គាល់ ចាញ់ នោះដែរ ក្រោយឆ្លងកាត់ ២១ ជុំ។
ឈ្នះ ១៧ ស្មើ ៤ មាន ៥៥ ពិន្ទុ នាំមុខពីលើ Bayern ដល់ទៅ ៥ ពិន្ទុឯណោះ។ បើតាមការព្យាករណ៍ វាអាចទៅរួចច្រើនជាងពេលវេលាណាៗទាំងអស់ ដែល Leverkusen នឹងលើកពាន Bundesliga រដូវកាល ២០២៣/២៤។
យើងងាកទៅមើលស្ថិតិប្រធានក្រុមតោកំណាចអង់គ្លេស បានដឹងថា បន្ទោសគេក៏បន្ទោសមិនកើតដែរ ព្រោះអី Kane បង្ហាញទម្រង់ល្អខ្លាំង ត្រង់រកបានដល់ទៅ ២៤ គ្រាប់ និង Assist ៥ លើកនៅលីគកំពូល។ ដូច្នេះបើវាសនាចារមកមែន ប្រហែលអត់ពានកាន់ទៀតហើយ ក៏ណ្ហើយប្រហែលបានត្រឹមពានឯកត្តជន Top Scorer នោះឯង។
ទោះយ៉ាងណា បងប្អូនប្រាកដជាឆ្ងល់សួរថាចុះ Champions League? អូខេ Champions League តែដំណើរប្រកួតប្រជែងពានមួយនេះ វាកាន់តែពិបាកជាង Bundesliga ទៅទៀត បើមើលតាមទម្រង់ Bayern សព្វថ្ងៃ។ បន្តមកដល់វគ្គ ១៦ ក្រុម ជើងទី ១ ពួកគេត្រូវជួបម្ចាស់ផ្ទះ Lazio នាវេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ១៥ កុម្ភៈ ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS៕
ប្រភព៖ បរទេស