ពិសេស​អត់​ធ្លាប់​មាន នេះ​អ្នក​នៅ​តែ​មាន​ឱកាស​មើល​គីឡូ Legend ប្រកួត​គ្នា​ដណ្តើម​ពាន World Cup ក្នុង​ឆ្នាំ​ ២០២៤

ស្តាប់​ចំណង​ជើង​ប្រហែល​គ្រប់​គ្នា​កំពុង​ឆ្ងល់ ឬ​គិត​ដល់​ក្រែង​ល​ពួក​យើង​សរសេរ​ខុស តែ​នេះ​វា​ជា​ការ​ពិត ដោយ​ព្រឹត្តិការណ៍​ដណ្តើម​ពាន World Cup ពិត​ជា​នឹង​កើត​ឡើង​នៅ​ល្បាក់​ឆ្នាំ ២០២៤ នេះ​មែន តែ​គ្រាន់​វា​មិនមែន​ជា​ការប្រកួតប្រជែង​ក្រោម​គណៈ​រៀបចំ​កម្មវិធី​ចេញ​ពី FIFA នោះ​ទេ។

ផ្ទុយ​ទៅ​វិញ វា​រៀបចំ​ឡើង​ដល់ Elite Players Group ហើយ​ដាក់​ឈ្មោះ​ពេញ​ព្រឹត្តិការណ៍​ថ្មី​ខាង​មុខ​ថា “Over-35 World Cup” ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​នៃ​ប្រទេស​ទាំង ៨ តួ​យ៉ាង​គឺ​អង់គ្លេស, អាហ្សង់ទីន, ប្រេស៊ីល, បារាំង, អេស្ប៉ាញ, អាល្លឺម៉ង់, អ៊ីតាលី និង​អ៊ុយរុយហ្គាយ។ រី​ឯ​អ្នក​មាន​សិទ្ធ​ចូលរួម​ប្រកួត​គឺ​តម្រូវ​ឲ្យ​មាន​អាយុ ៣៥ ឆ្នាំ​ឡើង​ទៅ។ នេះ​ជា​ឱកាស​ពិសេស​កម្រ​កើត​មាន ត្រូវ​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​ទស្សនា​បច្ចេកទេស តិចនិក​របស់ Legend ដែល​ធ្លាប់​តែ​ល្បីល្បាញ​ខ្លាំង​កាល​ពី​ជាង ១ ទៅ ២ ទសវត្ស​មុន ដែល​ពួក​គាត់​កន្លង​មក​ក៏​មិន​មាន​ឱកាស​បង្ហាញ​វា​មក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ។

ក្រុមហ៊ុន​ខាង​លើ​ហៅ​កាត់ EPG គឺ​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ចាស់ៗ​ដែល​បាន​ចូល​និវត្ត ហើយ​ក្រោម​ពាក្យ​ស្លោក​មួយ​ថា៖ “ចាប់​តាំង​ពី​ការ​ចូល​និវត្ត​របស់​ពួក​យើង យើង​មិន​ទាន់​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​ផ្លូវការ​លក្ខណៈ​អាជីព​ណា​មួយ​នោះ​ទេ នេះ​ជា​ហេតុផល​នៃ​ការ​បង្កើត EPG ឡើង​មក”។

តាម​សារព័ត៌មាន Daily Mail ​បញ្ជាក់ ព្រឹត្តិការណ៍​ដណ្តើម​ពាន World Cup ដែល​ប្រមូល​ផ្តុំ​ដោយ Legend សេរ៊ី​ចាស់​មក​ពី​ប្រទេស​ធំៗ​ផ្សេង​គ្នា នឹង​ធ្វើ​ឡើង​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០២៤ ត​ទៅ ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​ធ្វើ​ជា​ម្ចាស់ផ្ទះ។ វា​ក៏​ចំ​ល្បាក់​កាលបរិច្ឆេទ​តែ​មួយ ក្រោយ​បិទ​រដូវ​កាល​ក្លឹប​ទូទាំង​តំបន់​អឺរ៉ុប តែ​នៅ​ជម្រើស​ជាតិ​កំពុង​ពេញ​លេង​ពាន​ធំ ២ មាន UEFA European Championship និង Copa America។

ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់ ហើយ​សួរ​ថា តើ​ក្រៅ​ពី​កត្តា​អាយុ​ ចុះ​ខាង EPG មាន​លក្ខខណ្ឌ​តម្រូវ​អ្វី​ផ្សេង​ទៀត ដើម្បី​អនុញ្ញាត​ឲ្យ​កីឡាករ​បាន​ចូលរួម? ចម្លើយ​គឺ ពួក​គេ​កំណត់​យក​តែ​កីឡាករ​ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប ឬ ជម្រើស​ជាតិ​ច្រើន​ជាង ១០០ ប្រកួត​ប៉ុណ្ណោះ។

ជា​លទ្ធផល​យើង​អាច​រាប់​បាន​ត្រួសៗ តួ​យ៉ាង​គឺ​អតីត Legend របស់ Liverpool/Real Madrid លោក Steve McManaman ដែល​នឹង​តំណាង​ឲ្យ​ប្រធាន​ក្រុម​អង់គ្លេស អម​ដោយ​មិត្ត​ចាស់​ជា​ច្រើន​ផ្សេង​ទៀត ដូច Michael Owen, Ashley Cole, Joe Cole, Rio Ferdinand, David James, Frank Lampard និង Robbie Fowler ជា​ដើម។

ស្រប​ពេល​ខាង​ប្រេស៊ីល​អាច​មាន​ប្រធាន​ក្រុម Emerson និង​អ្នក​ឯ​ទៀត​ដូច Kaka, Ronaldinho, Roberto Carlos និង Rivaldo ជា​ដើម។ ហើយ​បារាំង​អាច​ជា​ដាក់ Christian Karembeu ជា​ប្រធាន​ក្រុម ដែល​អតីត Legend រូប​នេះ ធ្លាប់​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២ បូក​ផ្សំ​នឹង Thierry Henry ក៏​ដូច​ជា Marcel Desailly។ ​​អ៊ីតាលី​ក៏​មាន​ជើង​ចាស់​គ្នា​យើង​ស្គាល់​ច្រើន ដូច Fabio Cannavaro និង Francesco Totti ជា​ដើម។

ងាក​ទៅ​អាល្លឺម៉ង់ អាច​គាស់​ជើង Mesut Ozil និង Sami Khedira ត្រលប់​មក​វិញ ហើយ​អាហ្សង់ទីន​មាន Hernan Crespo និង Pablo Zabaleta រួច​យើង​ទៅ​មើល​ចុងក្រោយ​អេស្ប៉ាញ​អាច​មាន David Villa និង Carles Puyol ឬ​អាច​បន្ថែម Iker Casillas ថែម​ទៀត​ផង។

ចុងក្រោយ​ច្បិច​ចូល​ច្បាប់​នៃ​ការ​ប្រកួត​បន្តិច ក៏​មិន​លេង​ពេញ​ម៉ោង​នោះ​ដែរ ពោល​ត្រឹម ៧០ នាទី ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សេរី។ កាលបរិច្ឆេទ​វគ្គ ៨ ក្រុម​ចុងក្រោយ នៅ​ល្បាក់​ថ្ងៃ ៤ និង ៥ មិថុនា ហើយ ៨ មិថុនា វគ្គ ៤ ក្រុម និង​ផ្តាច់ព្រ័ត្រ នៅ​ក្រោយ​នោះ ៣ ថ្ងៃ​បន្ទាប់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT