៥ ពាន Ballon d’Or ដែល Ronaldo ឈ្នះ លក់​ចោល​មួយ​ហើយ ដើម្បី​យក​លុយ​ទៅ​ជួយ​ជីវិត​មនុស្ស

រឿង​នេះ​មិន​ថ្មី​ទេ តែ​ក៏​មិន​ចាស់​ពេក​ដែរ​សម្រាប់​អ្នក​គាំទ្រ​ដែល​ឲ្យ​តម្លៃ​គ្រប់​សកម្មភាព​មនុស្សធម៌​ចេញ​ពី​កីឡាករ​បាល់ទាត់​កំពូល។ ជា​ការ​ពិត​ដូច​អ្នក​រាល់​គ្នា​បាន​ដឹង តារា​ឆ្នើម Cristiano Ronaldo ចាប់​តាំង​ប្រលូក​ក្នុង​អាជីព សរុប​លោក​បាន​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ចំនួន ៥ គ្រឿង ពោល​ក្នុង​ឆ្នាំ ២០០៨,១៣,១៤,១៦ និង ២០១៧។

ជា​ទូទៅ​តាម​ច្បាប់ទម្លាប់​ពាន​ដែល​កីឡាករ​ឈ្នះ គឺ​ត្រូវ​ប្រគល់​ប្រភេទ​ចម្លង​ Replica Version មួយ ទៅ​កាន់​ក្លឹប​ដើម្បី​តាំង​ទុក​ក្នុង​សារមន្ទីរ។ មួយ​ក្នុង​ចំណោម​នោះ ពាន​ទី​ពីរ​ក្នុង​ឆ្នាំ ២០១៣ ដែល​លោក​ទទួល​បាន​គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប​អធិរាជ​ស បែរ​មិន​បាន​ប្រគល់​ជូន​ក្លឹប​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ស្នើ​សុំ​ក្នុង​លក្ខខណ្ឌ​ពិសេស​និង​មាន​តម្លៃ​ជា​ទី​បំផុត គឺ​ធ្វើ​ការ​បរិច្ចាគ​ទៅ​កាន់​ការងារ​សប្បុរសធម៌។

បើ​តាម​សារព័ត៌មាន Marca ធ្លាប់​បាន​ចុះ​ផ្សាយ Ballon d’Or ១​ ក្នុង​ចំណោម ៥ គ្រឿង​របស់ Ronaldo ត្រូវ​បាន​បាត់បង់​ហើយ តែ​នេះ​បាត់​ត្រឹម​សំបក​ពាន​ប៉ុណ្ណោះ ខណៈ​ការ​កត់ត្រា​ទុក​ថា CR7 ឈ្នះ ៥ លើក គឺ​នៅ​រក្សា​ដដែល។ ពាន​មួយ​នោះ​បាន​ដាក់​ដេញ​ថ្លៃ ទទួល​បាន​ប្រាក់ ៦០០ ០០០ អឺរ៉ូ ទិញ​យក​ពី​ម្ចាស់​ថ្មី​ជា​សេដ្ឋី​អ៊ីស្រាអែល​លោក Idan Ofer។ ម្ចាស់​ថ្មី​ខាង​លើ ធ្លាប់​បាន​បង្ហោះ​រូប​កាន់​ពាន​ជាមួយ​នឹង​អតីត​ភ្នាក់ងារ​រត់ការ​កាន់​ឆ្នាំ​លោក Jorge Mendes បន្ទាប់​ជោគជ័យ​ការ​ដេញ​ថ្លៃ​ក្នុង​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស។

ទឹក​ប្រាក់​ទាំង​អំបាល​ម៉ាន ជាង ៦៥០ ០០០ ដុល្លារ​អាមេរិក ​ត្រូវ​បាន​បង្វែរ​ទាំង​ស្រុង​ចូល​ទៅ​ក្នុង​មូលនិធិ Make-A-Wish ដែល​ជា​កម្មវិធី​សប្បុរសធម៌​ជួយ​សង្រ្គោះ​ជីវិត​ក្មេងៗ​ខ្វះខាត​រាប់​ពាន់​មុឺន​នាក់​ទូទាំង​សកលលោក កំពុង​ប្រឈម​គ្រោះថ្នាក់​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ។

កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ពោល​ពាក្យ​សរសើរ​ឥត​ដាច់​ពី​មាត់ ក៏​រាប់​បាន​អ្នក​ខ្លះ​ធ្លាប់​តែ​ស្អប់ ធ្លាប់​តែ​បន្តុះបង្អាប់​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់ ​ក៏​ប្តូរ​មក​វិញ​ជា​ពាក្យ​គោរព​ស្រលាញ់​ចំពោះ​ទឹកចិត្ត​ដែល Ronaldo មាន​ចំពោះ​ប្រជាជន​ខ្វះខាត។

ក្រៅ​តែ​ពី​ពាន Ballon d’Or កន្លង​មក​ក៏​ធ្លាប់​មាន​របស់របរ​ផ្សេង​ទៀត​ចេញ​ពី​បុរស​វ័យ ៣៨ ឆ្នាំ ហៅ​បាន​ជា​របស់​មាន​តម្លៃ​ក្នុង​ការ​ជួយ​ជីវិត​មនុស្ស ​គ្រាន់​ឆ្លង​កាត់​ការ​ទទួល​យក​និង​ដាក់​ដេញ​ថ្លៃ​តាម​រយៈ​បុគ្គល​ដទៃ។ ដូច​ករណី​ស្លាក​ដៃ​ប្រធាន​ក្រុម​លោក​បោះ​ចោល​លើ​ទីលាន​ប្រមូល​លុយ​បាន​ជាង ៧ មុឺន​ដុល្លារ ហើយ​មួយ​ទៀត​ជា​អាវ​កាល​នៅ Juventus មាន​ចុះ​ហត្ថលេខា​ផ្ទាល់​ខ្លួន ​ប្រគល់​ឲ្យ​មិត្ត​រួម​ក្រុម Merih Demiral ក៏​គេ​យក​ទៅ​លក់​បន្ត​បាន​លុយ ១៥ ០០០ ដុល្លារ ជួយ​ដល់​ជនរងគ្រោះ​នៅ​គ្រោះ​រញ្ជួយ​ដី​កាល​ឆ្នាំ ២០២៣។

ចុងក្រោយ​បន្ថែម​អំពី​ពាន Ballon d’Or ​បន្តិច ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​ក៏​ធ្លាប់​មាន​កីឡាករ​ជើង​ចាស់​ផ្សេង​ទៀត​អនុវត្ត​សកម្មភាព​លក់​ពាន​ដូច​ជា Ronaldo នោះ​ក៏​មិន​ឆ្ងាយ​ពី​សមាជិក Real Madrid គឺ​អតីត​កីឡាករ​បាល់ទាត់​លោក Alfredo di Stefano។

នៅ​ឆ្នាំ ១៩៥៧ ពាន​ដែល​លោក​បាន​ឈ្នះ​ក៏​លក់​បាន​ក្នុង​តម្លៃ ៦០ ៨០០ ផោន លុះ​ពីរ​ឆ្នាំ​ក្រោយ​ឈ្នះ​ម្តង​ទៀត​ក៏​លក់​ចេញ​ទៀត​បាន​តម្លៃ ៥៤ ៤០០ ផោន ហើយ​ដល់​ថ្នាក់​ពាន​មាន​តែ​មួយ​ក្នុង​លោក Super Ballon d’Or ក៏​មាន​ការ​ប្រកាស​លក់​ដែរ បាន​ដល់​តម្លៃ ១៨៧ ៥០០ ផោន តែ​យ៉ាង​ណា​លុយ​ទាំង​អស់​មិន​ច្បាស់​ថា​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ណា​មួយ​ឡើយ៕

ប្រភព៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT