នេះ​ការ​ពិត​និង​អាថ៌កំបាំង ៥ យ៉ាង អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី Roberto Firmino

នៅ​បញ្ចប់​រដូវ​កាល ២០២២/២៣ ខាង​មុខ លើស​តែ​ពី​ការ​ខកខាន​សម្រេច​សមិទ្ធផល​ធំ ទៀត​សោត​អ្នក​គាំទ្រ​ក្លឹប​ហង្ស​ក្រហម Liverpool ក៏​ទទួល​អារម្មណ៍​សោកស្តាយ​មិន​ស្ទើរ ជុំវិញ​ដំណើរ​ចាកចេញ​នៃ​កីឡាករ​កាន់​ឆ្នាំ​មួយ​ចំនួន រួម​ទាំង Roberto Firmino ​ផង​ដែរ។ លើស​តែ​ពី​គុណភាព ទេពកោសល្យ​លើ​ទីលាន CTS Sports ក៏​សូម​កកាយ ស្រាយ​បង្ហាញរឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៥ ទាក់ទិន​នឹង​បុរស​វ័យ ៣១ ឆ្នាំ សញ្ជាតិ​ប្រេស៊ីល រួច​ក៏​ជឿ​ថា មាន​បងប្អូន​យើង​តិច​ណាស់​ដែល​ធ្លាប់​បាន​ដឹង៖

៥) ជា​បុរស​ស្មោះ​នឹង​ដៃ​គូ​ស្នេហ៍

កីឡាករ​បាល់ទាត់​ខ្លះ អាង​ខ្លួន​សង្ហារ អាង​រក​លុយ​បាន​ទាំង​លាន ជាមួយ​ទំនាក់ទំនង​ស្នេហា​ក៏​ពួក​គេ​ដើរ​គាស់​បេះដូង​នារីៗ​រាប់​ភ្លេច តែ​ខុស​អី​ពី Firmino ​បាន​ប្រគល់​ចិត្ត​ជូន​នារី​តែ​ម្នាក់​ក្នុង​ជីវិត អស់​រយៈ​កាល​ជិត ១ ទសវត្ស​មក​ហើយ។

លើស​តែ​ពី​ស្មោះ​នឹង​ក្លឹប ខ្សែ​ប្រយុទ្ធ​ជំនាញ​បញ្ជូន​បាល់ No Look ខាង​លើ ក៏​ស្មោះ​នឹង​ភរិយា​ផង​ដែរ ដ្បិត​អី​ស្គាល់​គ្នា​នៅ​ឆ្នាំ ២០១៤ ហើយ​ដល់​ឆ្នាំ ២០១៧ ក៏​សម្រេច​រៀប​អាពាហ៍ពិពាហ៍ រួច​មក​ទល់​បច្ចុប្បន្ន​មាន​កូន​ស្រី ២ រូប​ជា​ចំណង​ដៃ។ អំពី​អត្តសញ្ញាណ​ភរិយា អ្នក​ស្រី Larissa Pereira ត្រូវ​បាន​គេ​ស្គាល់​ជា​តារា​ម៉ូដែល​ផូរផង់​សញ្ជាតិ​ប្រេស៊ីល ក៏​ជា​ស្ថាបនិក​យីហោ​ហាង​លក់​សំលៀកបំពាក់ BeValen Store។

៤) ជា​អ្នក​និយម​ដេញ​ស៊េរី​រថយន្ត​ទំនើប

តារា​ឆ្នើម​ជំនាញ​ជើង​ស្តាំ រក​លុយ​បាន​ពី​បាល់ទាត់ ក៏​យក​មួយ​ផ្នែក​ទៅ​ដេញ​សេរ៊ី​ឡាន​មិន​ចេះ​តិច​គ្រឿង​ ហើយ​ត្រួសៗ​បណ្តុំ Collection រថយន្ត​របស់ Firmino រួម​មាន Porsche Panamera, Lamborghini Urus, Rolls Royce Phantom, Ferrari 458 Italia, Range Rover និង Porsche Cayenne នេះ​សុទ្ធ​តែ​សេរ៊ី​ឆ្នាំ​ខ្ពស់ សរុប​លុយ​ចូល​ខ្ទង់​រាប់​លាន​ដុល្លារ។

៣) ចេះ​និយាយ​ច្រើន​ភាសា

ការ​ប្រើប្រាស់​ភាសា ជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​ដ៏​ចាំ​បាច់​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ ហើយ​ជាមួយ Firmino គឺ​មិន​ជា​បញ្ហា​អ្វី​នោះ​ឡើយ ដ្បិត​អី​គេ​អាច​និយាយ​ដល់​ទៅ ៣ ភាសា រួម​មាន​ព័រទុយហ្គាល់, អាល្លឺម៉ង់ និង​អង់គ្លេស។

២) រឿងរ៉ាវ​នៅ​ពី​ក្រោយ​ធ្មេញ​ស​ចែងចាំង

ស្បែក​អូន​ស​ភ្លឺ​ចាំង​ប៉ុណ្ណា ក៏​ធានា​ថា​មិន​ចាំង​ដល់​ធ្មេញ​ប្រុស​សង្ហារ Firmino ​នោះ​ដែរ។ តាម​ពិត​ទៅ ពី​ដំបូង​ឡើយ ក៏​ដូច​តែ​កីឡាករ​ទូទៅ ដែល​មាន​ធ្មេញ​មិន​សូវ​ស្រស់​ស្អាត តែ​ទើប​មក​កែប្រែ​ពេល​ក្រោយ ពោល​ពេល​មក​ចូលរួម​នៅ Liverpool ល្បាក់ ៨ ឆ្នាំ​មុន។

តាម​ការ​ទម្លាយ​ពី​វេជ្ជបណ្ឌិត​អ្នក​ធ្វើ​ធ្មេញ​ឲ្យ​ Firmino គឺ​លោក Robbie Hughes បាន​ឲ្យ​ដឹង៖ “Firmino គេ​ថា​ចង់​បាន​ស្នាម​ញញឹម​ដែល​មាន​ភាព​ជឿជាក់ និង​ស្រស់​ស្អាត​បំផុត​មួយ ហើយ​ខ្ញុំ​ឲ្យ​គេ​មើល​បញ្ជី​ពណ៌​ធ្មេញ ឧទាហរណ៍​កម្រិត​ពណ៌​ស​ទី ១, ២, ៣,៤ ជា​ដើម តែ​គេ​អត់​ព្រម​ជ្រើស​យក​ទេ ហើយ​ថា​សុំ​កម្រិត​ពណ៌​ស​លើស​ហ្នឹង​ទៀត ទើប​យើង​សម្រេច​បង្កើត​កម្រិត​ពណ៌​ស​ភ្លឺ​ចាំង​ជា​ពិសេស​ដាច់​គេ​មួយ សម្រាប់ Firmino តែ​ម្នាក់​គត់”។

១) នរណា​ជា idol ក្នុង​ដួងចិត្ត?

និយាយ​ឥត​លាក់បាំង Firmino លើក​ឡើង៖ “idol ក្នុង​ដួងចិត្ត​របស់​ខ្ញុំ គឺ​ជា Ronaldinho Gaucho ដោយ​ខ្ញុំ​ចាប់ផ្តើម​ស្រលាញ់​គាំទ្រ​គាត់ ពេល​មើល​ឃើញ​គាត់​បង្កើត​នូវ​ Skill ប្លែកៗ ​ប្រៀប​ដូច​ជា​ការ​បង្ហាញ​វេទមន្ត នៅ​ពេល​លេង​បាល់ទាត់ គាត់​ក៏​ជា​បុគ្គល​គំរូ​សម្រាប់​ខ្ញុំ​ដែរ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT