ឯកឧត្តម សៅ សុខា៖ ​សហព័ន្ធ​បាល់ទាត់​មក​ទល់​ពេល​នេះ គឺ​បាន​ត្រៀម​រួចរាល់​ហើយ​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សៅ សុខា ​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា សហ​ព័ន្ធ​ បានត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាង​ ១០ឆ្នាំមកហើយ ខណៈមកទល់ពេលនេះ គឺបានត្រៀមរួចរាល់ គ្មានអ្វីខ្វះខាតនោះទេ តែអ្វី​ដែល​ខ្វះ​ខាត​ គឺរង់ចាំតែចប់ការប្រកួត ៩០នាទីប៉ុណ្ណោះ ថាក្រុមម្ចាស់ផ្ទះកម្ពុជា នឹង​ទទួល​បាន​លទ្ធផល​បែប​ណា?។

ការលើកឡើងនេះ ​ក្រោយបញ្ចប់មហាសន្និបាតលើកទី១៧ របស់សហព័ន្ធ កាលពីថ្ងៃទី១១ ខែ​មីនា ម្សិលមិញ​ នៅសណ្ឋាគារហ្គាឌិនស៊ីធី ។ ឯកឧត្តម មានប្រសាសន៍ថា ការត្រៀមស៊ីហ្គេម មិន​មែន​ទើប​ត្រៀម​នោះ​ទេ​ តែសហព័ន្ធបានត្រៀមតាំងពីឆ្នាំ២០១០ តាមរយៈការកសាង និងអភិវឌ្ឍន៍ ​ទាំង​ធនធាន​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការ​អនុវត្តរៀបចំ​ការប្រកួត​អន្ដរ​ជាតិនានា ក្រោម​ពាក្យ​ស្លោក​ «ទាំងអស់គ្នា ដើម្បីកម្ពុជា»។

ឯកឧត្តម​នាយឧត្តមសេនីយ៍​ សៅ សុខា​ បានបញ្ជាក់ថា​ ដោយសារមើលឃើញពីអំណោយផល ក្នុង​នាម​ប្រទេស​ទើប​ទទួលបានសន្ដិភាពពេញលេញ​ នៅឆ្នាំ១៩៩៨ ក៏ដូចជា​ក្នុងនាម​ប្រទេស​ទើបមាន​ការ​អភិវឌ្ឍ និងរីកចម្រើនផ្នែកកីឡាបាល់ទាត់ ទើបសហព័ន្ធ បាន​សម្រេចស្នើ​សុំគណៈកម្មការ​រៀប​ចំ​ការ​ប្រកួត កំណត់យកអាយុក្រោម ២២ឆ្នាំ សម្រាប់ដាក់ក្នុងកម្មវិធីប្រកួតបាល់ទាត់ផ្នែកបុរស នៃ​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។ ​

ឯកឧត្តមបន្ដថា​៖ «ពិតហើយថា ក្នុងពេលយើងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍ បណ្ដាប្រទេសផ្សេងៗ ក៏គេមាន​ការអភិវឌ្ឍដែរ ​ហើយគេមានធនធានច្រើនជាងកម្ពុជា គេមានសន្ដិភាពមុនកម្ពុជា។ នេះគឺជា​ការប្រកួតប្រជែង​មួយ​ ដែលគេក៏រត់ យើងក៏រត់ តែគេរត់មុនយើងទៀត។ អ៊ីចឹងបញ្ហានេះ ខ្ញុំ​និយាយ​នេះ មិនមែនខ្លាច ចំពោះការប្រកួតទេ ព្រោះកីឡាអត់មាននិយាយរឿងខ្លាចទេ ទាល់តែចប់ ៩០​នាទី ​ទើប​ដឹង​អ្នក​ឈ្នះ-ចាញ់​»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT