Barcelona ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ សូក​លុយ​អាជ្ញាកណ្ដាល​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ជុំវិញ​ការ​បង់​ប្រាក់​ប្រមាណ ៧,៤​លាន​ផោន​ទៅ​ឱ្យ​អតីត​អនុ​ប្រធានគណៈកម្មាធិការ​អាជ្ញាកណ្ដាល​ Jose Maria Enriquez Negreira។

​រដ្ឋ​អាជ្ញាសាធារណៈ​របស់​ប្រទេស​អេស្ប៉ាញ​បាន​ចោទ​ប្រកាន់​ក្លឹប​ថា​បាន​សូក​ទៅ​មន្ត្រី​អាជ្ញាកណ្ដាល​ខាង​លើ​ដើម្បី​ឱ្យ​ជួយ​ដល់​ក្លឹប FC Barcelona ​នៅ​ពេល​ប្រកួត​ម្ដង​ៗ ​ឬ​និយាយ​ឱ្យ​ចំ​ទៅ​គឺ​ឱ្យ​ជួយ​កាន់​ជើង​ខាង Barcelona ​នៅ​ពេល​ប្រកួត។ ​ដោយ​ប្រាក់​ដែល​សូក​នោះ ​មាន​ប្រមាណ​ជា ៧,៤​លាន​ផោន​ឯ​ណោះ​ទៅ​ឱ្យ​លោក Jose Maria ​និង​ក្រុម​ការងារ​របស់​លោក​ទាំង​អស់​ក្នុង​ជួរ​អាជ្ញាកណ្ដាល។

ដោយ​ចរន្ដ​ប្រាក់​ដែល​ក្រុម Barcelona ​បង់​នោះ​គឺ​ផ្ទេរ​ទៅ​ក្រុមហ៊ុន​២​ផ្សេង​ទៀត​ដែល​ជា​ក្រុមហ៊ុន​ផ្ទាល់​របស់​លោក Jose Maria Enriquez Negreira ​ផ្ទាល់​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​គេច​ពី​ការ​ចាប់​បាន​ភ្លាម​របស់​ក្រុម​អ្នក​សើប​អង្កេត។ ដោយ​រឿង​នេះ កើត​មាន​ឡើង​តាំង​ពី​ជំនាន់​ប្រធាន​ក្លឹប​ចាស់​លោក Josep Maria Bartomeu ​មក​ម្ល៉េះ។ ​

យ៉ាងណាមិញ ​លោក Joan Laporta ដែល​ជា​ប្រធាន​ក្លឹប​បច្ចុប្បន្ន​ក៏​បាន​អះអាង​កាល​ពី​សប្ដាហ៍​មុន​ដែរ​ថា​ក្រុម Barcelona ​មិន​ដែល​ទិញ​អាជ្ញាកណ្ដាល​នោះ​ទេ ឬ​ជាប់​ពាក់​ព័ន្ធ​ករណី​សូក​ប៉ាន់​អ្វី​ឡើយ។ ​លោក​ច្បាស់លាស់​ថា​ក្លឹប​មិន​ដែល​ធ្វើ​រឿង​អាក្រក់​បែប​នេះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT