ព្រំ​ សំណាង ថា​មិនដែលភ្លេចខ្លួន ​រឿងដ​ណ្ដើម​មេដាយ​មាស​ជូន​ជាតិ​នា​ស៊ីហ្គេម​២០២៣​

​កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា​ ព្រំ សំណាង ​បាននិយាយថា បើ​ទោះ​ខ្លួនទទួល​បាន​ផ្លែផ្កា​ល្អ​នៅ​កម្មវិធី​ថៃហ្វៃ ចំនួន​ពីរ​លើក​កន្លង​មកក្ដី​ក៏ខ្លួន​មិនដែល​ភ្លេចខ្លួន​រឿងដណ្ដើម​មេដាយ​ជូនជាតិ​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​នោះដែរ។

កីឡាករ​មានដើមកំណើតមកពីខេត្តកំពង់ស្ពឺ​ នឹង​ចូលរួមការ​ប្រកួត​លើ​វិញ្ញាសា​គុនខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ក្រៅ​ពី​ការ​ហ្វឹកហាត់​ក្នុង​ជំរុំ​ជម្រើស​ជាតិ​កីឡាករ​ខាង​លើ​ក៏​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ថៃហ្វៃ បានចំនួនពីរលើកផងដែរ​ ដោយ​ក្នុងនោះ​គេ​ទទួល​បានជ័យជម្នះ​ទាំងពីរលើក​ ហើយ​ថែមទាំងផ្ដួលដៃ​គូឲ្យ​សន្លប់​តាមរយៈ​ជង្គង់​ត្រឹម​ទឹក​ទី​១​ដូច​គ្នា​ទៀតផង។

កីឡាករ​ដដែល​ខាង​លើ​បាន​ប្រាប់​មក​កាន់ ​CAMBODIA 2023 ​យ៉ាងដូច្នេះថា «និយាយ​រឿង​ត្រៀម​ខ្លួន​ស៊ីហ្គេម​ខ្ញុំមិនដែលភ្លេច​ទេបងខ្ញុំប្រឹងប្រែង​ហ្វឹកហាត់​មករហូតតាំង​ពី​បញ្ចប់​ស៊ីហ្គេម​នៅ​វៀត​ណាម​មក។ ចំពោះ​គោលដៅរបស់​ខ្ញុំគឺយកឲ្យបាន​មេដាយ​មាសជូនជាតិ​បង​សម្រាប់​ស៊ីហ្គេម​ហ្នឹង។ ខ្ញុំ​ដឹង​ថាដឹង​តែ​បាន​មេដាយ​គ្រាន់តែមិនច្បាស់១០០%ថា​ នឹង​បាន​មេដាយ​កម្រិត​ណា ប៉ុន្តែ​បើ​គោលដៅ​និងមហិច្ឆតារបស់​ខ្ញុំ​គឺ​មេដាយមាស​ហ្នឹង​តែ​ម្ដង»។

ព្រំ សំណាង​ បានបន្ថែមទៀតជាចុងក្រោយថា « ស៊ីហ្គេម​នៅវៀតណាម​ជារឿង​ដែល​ខ្ញុំ​ចងចាំ​មិន​ភ្លេច​គឺ​ការ​មើល​ស្រាល​ឧបករណ៍​ហ្វឹកហាត់។ ​កាល​ហ្នឹង​ខ្ញុំ​គិតថា ​ហាត់​មិន​បាច់​ពាក់​ឧបករណ៍​ក៏បាន​ឲ្យ​តែ​ប្រឹង​ហាត់​ទៅ​បាន​ហើយ​ មាន​អី​ដល់​ពេល​ឡើង​ទៅ​វ៉ៃ​ពាក់​ឧបករណ៍​គេ​ហ្នឹង​ទៅ​បាន​ដឹង​ថា​ វា​ពិបាក​វាយ។ ​ចំណែកលើកនេះវិញខ្ញុំប្ដេជ្ញាហើយថា​ នឹងធ្វើឲ្យបានល្អមិនឲ្យដូចមុនទេ»។

​គួររម្លឹកថា កាលស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករ ព្រំ សំណាង​ បានចូល​រួម​ប្រកួត​លើ​ប្រភេទ​កីឡា​ Muay Thai ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម ដោយកាល​នោះគេដណ្ដើម​បានមេដាយសំរឹទ្ធ​មួយ​គ្រឿង​ជូន​ជាតិផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT