Lee Mason ចាកចេញពី PGMOL បន្ទាប់ពីធ្វេសប្រហេសនៅបន្ទប់ VAR ក្នុងការប្រកូតរវាង Arsenal និង​ Brentford

Mason ដែលមានភារកិច្ចក្នុងបន្ទប់ VAR កំឡុងពេលក្រុម Arsenal ប៉ះ Brentford កាលពីចុងសប្តាហ៍មុន បានរងការរិះគន់យ៉ាងខ្លាំងចំពោះការធ្វេស ប្រហេសរបស់គាត់។


មន្ត្រី VAR វ័យ ៥១ឆ្នាំរូបនេះមិនបានបដិសេធគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីតាមស្មើនៅនាទីទី៧៤ របស់ Brentford នោះទេ បើទោះបីជា Christian Norgaard ស្ថិតក្នុងទីតាំង Offside យ៉ាងច្បាស់នៅពេលដែលគាត់បានបញ្ជូនបាល់ឱ្យ Ivan Toney ស៊ុតបញ្ចូលទីយ៉ាងណាក្តី។

ក្រោយមកវាត្រូវបានគេបង្ហាញថាការពិតមកពី Mason ភ្លេចគូសបន្ទាត់ Offside។Arsenal ត្រូវបានទុកចោលដោយកំហុស ព្រោះវាធ្វើឱ្យពួកគេបាត់បង់ពីរពិន្ទុដ៏សំខាន់ក្នុងការប្រជែងដណ្តើមពាន Premier League។

ឧប្បត្តិហេតុរបស់ Mason ក៏បានបង្ខំឱ្យប្រធាន PGMOL លោក Howard Webb សុំទោស Arsenal ផងដែរ។

ឥឡូវនេះ PGMOL បានប្រកាសពីការចាកចេញរបស់ Mason ដែលជាការយល់ព្រមពីភាគីទាំងសងខាង។

មុនពេលក្លាយជាមន្ត្រី VAR លោក Mason គឺជាអាជ្ញាកណ្តាលរយៈពេល ១៥ឆ្នាំ និងគ្រប់គ្រងការប្រកួតចំនួន ២៨៧ដង ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេស អង់គ្លេស។

*គួរបញ្ជាក់ផងដែរថា PGMOL ដែលមានអក្សរពេញថា Professional Game Match Officials Limited។ PGMOL ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ ដើម្បីបង្កើនស្តង់ដារអាជ្ញាកណ្តាល ហើយក្រុម PGMOL មានតួនាទីនៅគ្រប់ការប្រកួតទាំងអស់របស់ EFL, Premier League និងសមាគមបាល់ទាត់ (FA)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT