ចៃដន្យ​ឬ​ទេវតា​រៀបចំ ភ្ញាក់ព្រើត​ក្រោយ​ដឹង​ថ្ងៃ​កំណើត​កូនៗ​របស់ Ronaldo/Messi និង Griezmann

ជា​ញឹកញយ​លើ​ទីលាន​នៅ​ការ​ប្រកួត តែង​កើត​មាន​គ្រាប់​បាល់ កើត​មាន​លទ្ធផល​អភិនិហា ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ ជា​ច្រើន​រាប់​ភ្លេច ដោយឡែក​ក្នុង​អត្ថបទ​នេះ CTS Sports សូម​បង្វែរ​មក​ជ្រុង​មួយ ពាក់ព័ន្ធ​នឹង​ជីវិត​ក្រៅ​ទីលាន​របស់​កីឡាករ​បាល់ទាត់​កំពូល ក៏​ល្មម​នឹង​អាច​ឲ្យ​អ្នក​រាល់​គ្នា​ព្រឺ​សម្បុរ ហើយ​ខ្លះ​រវល់​គិត​ថា វា​ជា​រឿង​ប្រឌិត តែ​បើ​មើល​ឲ្យ​ជាក់ នោះគឺ​ជា​រឿង​ពិត​មែន។

តើ​អ្នក​ដឹង​ទេ​ថា គម្លាត​ចំនួន​ថ្ងៃ​នៃ​អាយុ​របស់ Cristiano Ronaldo ធៀប​នឹង Lionel Messi ស្មើ​នឹង​តួ​លេខ​តែ​មួយ ជាមួយ​នឹង​អាយុ​របស់​កូន​ប្រុស​ច្បង​អ្នក​ទាំង​ពីរ គឺ Cristiano Jr និង Thiago Messi?

ប្រិយមិត្ត​បាន​ដឹង​ហើយ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​កើត​នៅ​ថ្ងៃ​ទី ០៥ ​កុម្ភៈ ឆ្នាំ ១៩៨៥ ​ស្រប​ពេល​ដែល​ម្ចាស់​ជើង​ឯក World Cup សញ្ជាតិ​អាហ្សង់ទីន កើត​នៅ​ថ្ងៃ​ទី ២៤ ​មិថុនា ឆ្នាំ ១៩៨៧។ បើ​យើង​ធ្វើ​ការ​រាប់​គម្លាត​នៃ​ចំនួន​ថ្ងៃ​កំណើត​របស់ Ronaldo មក​កាន់​ថ្ងៃ​កើត​របស់ Messi យើង​ឃើញ​ថា មាន​ចំនួន ៨៦៩ ​ថ្ងៃ។

ឥឡូវ​យើង​ងាក​ទៅ​មើល​ថ្ងៃ​កំណើត​នៃ​កូន​ច្បង​របស់ CR7 វិញ​ម្តង គឺ Cristiano Jr បាន​កើត​នៅ​ថ្ងៃ​ទី ១៧ ​មិថុនា ឆ្នាំ ២០១០ ហើយ​គេ​ក៏​មាន​អាយុ​បង ឬ​គម្លាត​ធៀប​នឹង​ថ្ងៃ​កំណើត​នៃ​កូន​ច្បង​របស់ M10 គឺ Thiago Messi ចំនួន ៨៦៩ ​ថ្ងៃ ដូច​ជា​គម្លាត​នៃ​ឪពុក​ពួក​គេ​ទាំង​ពីរ​ដូច​គ្នា។ សម្រាប់​កូន​ដំបូង​របស់ Messi និង Antonela Roccuzoo គឺ​បាន​ចាប់​កំណើត​ឃើញ​ភព​ផែនដី​នៅ​ថ្ងៃ​ទី ០២ ​វិច្ឆិកា ឆ្នាំ ២០១២។

ពុំ​មាន​នរណា​អាច​បកស្រាយ​បាន​ឡើយ ថា​នេះ​ជា​ភាព​ចៃដន្យ ឬ​ជា​ការ​រៀបចំ​ទុក​របស់​ទេវតា ដ្បិត​តែ​មក​ក្នុង​ពិភព​បាល់ទាត់ Messi និង Ronaldo ក៏​ជា GOAT ដែល​តែង​មាន​ការ​ប្រកួតប្រជែង​គ្នា​ឥត​ឈប់​អស់​កាល​ជា​ច្រើន​ឆ្នាំ។ យ៉ាង​ណា​ក៏​មាន​មតិ​លើ​បណ្តាញ​សង្គម ដែល​និយាយ​បែប​លេងសើច​ថា​រឿង​នេះ ដោយសារ​តែ​នៅ​ពី​ក្រោយ​ការ​ប្រជែង​លើ​ទីលាន Ronaldo/Messi គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​បាន​ណាត់​កំណត់​យក​ថ្ងៃ​ពិសេស​មួយ សម្រាប់​កំណើត​នៃ​កូន​ច្បង ឲ្យ​កើត​ជា​ការ​ចងចាំ​រហូត​ត​ទៅ​មុខ។

ដោយឡែក​យើង​បង្វែរ​ទៅ​ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann រឿងរ៉ាវ​កូន​ប្រុស​ស្រី​ទាំង ៣ របស់​គេ ក៏​មាន​ភាព​ចៃដន្យ​ថែម​ទៀត ដ្បិត​ថ្ងៃ​កំណើត កើត​ចំ​ថ្ងៃ​តែ​មួយ​ខែ​តែ​មួយ គ្រាន់​ខុស​ឆ្នាំ។ អាច​ថា នេះ​ជា​កីឡាករ​បាល់ទាត់​តែ​មួយ​រូប​គត់​ក្នុង​លោក ដែល​មាន​កូនៗ​ទាំង ៣ ​កើត​នៅ​ថ្ងៃ​ខែ​តែ​មួយ ដូច៖

  • កូន​ដំបូង Amario Griezmann កើត​នៅ​ថ្ងៃ​ទី ០៨ មេសា ឆ្នាំ ២០១៦
  • កូន​ទី​ពីរ Mia Girezmann កើត​នៅ​ថ្ងៃ​ទី ០៨ មេសា ឆ្នាំ ២០១៩
  • កូន​ទី​បី Alba Griezmann ​កើត​នៅ​ថ្ងៃ​ទី ០៨ មេសា ឆ្នាំ ២០២១

ជុំវិញ​រឿងរ៉ាវ​នេះ ត្រូវ​បាន​គេ​យក​មក​ចែកចាយ​ជា​ថ្មី ហើយ​កើត​ការ​ចាប់​អារម្មណ៍ និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ពី​គ្នា​លើ​បណ្តាញ​សង្គម។ ត្រង់​មតិ​អស់​សំណើច​មួយ បាន​សរសេរ​ថា៖ “មិន​ត្រឹម​តែ​អាច​រក​បាន​គ្រាប់​បាល់ Hat-trick លើ​ទីលាន ទាំង​ក្រៅ​ទីលាន​ក៏ Griezmann លៃលក​បាន​យ៉ាង​ស្អាត​ដែរ”។ មតិ​ផ្សេង​ទៀត​ថា៖ “បាន​កូន​កើត​ចំ​ថ្ងៃ​តែ​មួយ​អ៊ីចឹង​ម្យ៉ាង​ដែរ មួយ​ឆ្នាំ​ធ្វើ​ខួប​ជុំ​គ្នា​តែ​ម្តង អត់​ចាំ​បាច់​ចំណាយ​លុយ​ច្រើន ជប់លៀង​ម្តង ជុំ​បាន​កូន​ទាំង ៣”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT