Ten Hag៖ ​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្មាន​តម្លៃ​ទេ បើ​សិន​យើង​មិន​ឈ្នះ​ពាន

​លោក Erik ten Hag ​បាន​អះអាង​ថា​ការ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​គឺ​នឹង​ក្លាយ​ជា​គ្មាន​ន័យ​អ្វី​ឡើយ ប្រសិន​បើ​មិន​អាច​លើក​ពាន​រង្វាន់​បាន​ទេ​នោះ។

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Carabao Cup ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Forest ​ក្នុង​លទ្ធផល ​៥-០ ​គិត​ទាំង​ពីរ​ជើង។ ​នេះ​ជា​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ទៀត​សម្រាប់​ក្រុម​បិសាច​ក្រហម ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក។ ​ហើយ​វា​ក៏​អាច​នឹង​ក្លាយ​ជា​ការ​បញ្ចប់​ប្រវត្តិ​មិន​ឈ្នះ​ពាន​មួយ​សោះ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​របស់​ក្លឹប​មួយ​នេះ​ផង​ដែរ។

​លោក Ten Hag ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “វា​ល្អ​ដែល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​វា​នឹង​មិន​មាន​តម្លៃ​អ្វី​ទេ ប្រសិន​បើ​យើង​មិន​អាច​ឈ្នះ​ពាន​បាន។ យើង​ចង់​ឈ្នះ​ពាន ប៉ុន្តែ​រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ​គិត​ពី​ការ​ប្រកួត​នៅ Premier League ​សិន ​មុន​ដល់​ផ្ដាច់ព្រ័ត្រ Cup ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT