ការពារ​ក៏​បាន សាង​បាល់​ស៊ុត​ក៏​ទៅ​រួច Casemiro បន្តក់​បាល់​ក្រៅ​ប្រអប់​ចូល​ទី​ដូច​គេ​ចាប់​ដាក់

ជោគជ័យ​របស់ Manchester United នៅ​ពេល​ចុង​ក្រោយ មួយ​រយៈ​មុន​បងប្អូន​យើង​ច្រើន​តែ​នឹក​ដល់​ឈ្មោះ Marcus Rashford ដែល​រក​បាន​គ្រាប់​បាល់​សឹង​គ្រប់​ការ​ប្រកួត ដល់​តែ​ឥឡូវ​នៅ​ថ្ងៃ​ខ្លះ​ដែល​កីឡាករ​វ័យ​ក្មេង​ខកខាន​ការ​រក​គ្រាប់​បាល់ ក៏​បែរ​ជា​ផ្លាស់​មក​កីឡាករ​ចាស់​វស្សា Casemiro ឯ​ណេះ កើត​​ជា​តួ​ឯក​ទៅ​វិញ។

ជាក់ស្តែង​ដូច​កាល​ពី​យប់មិញ ដែល​បិសាច​ក្រហម​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Reading នៅ​លទ្ធផល ៣-១ នា​ជុំ​ទី ៤ ពាន​រង្វាន់ FA Cup គឺ​កើត​មាន​ចំណែក​គ្រាប់​បាល់​របស់​អតីត​កីឡាករ​ក្លឹប Real Madrid ដល់​ទៅ​ពីរ​គ្រាប់ ហើយ​ចាប់​អារម្មណ៍​បំផុត​គឺ​ត្រង់​គ្រាប់​បាល់​​ទី​ពីរ អាច​ស៊ុត​បន្តក់​ចូល​ទី​ពី​ក្រៅ​ប្រអប់​មិន​គួរ​ឲ្យ​ជឿ។

តាម​ពិត​ទៅ​ទាំង ៣ គ្រាប់​នៃ​ជ័យជម្នះ​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Erik ten Hag គឺ​សុទ្ធ​សឹង​កើត​ចេញ​ពី​បំណែក​សហការ​ទាំង​ការ Assist ការ​រក​គ្រាប់​បាល់​ពី​ថ្វី​ជើង​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ទាំង​ស្រុង។ ដូច​គ្រាប់​បាល់​ដំបូង ជា​ការ Assist របស់ Antony មក​ឲ្យ Casemiro ដែល​សំដៅ​រត់​ចោះ​ចូល​ប្រអប់ ឆ្កឹះ​បាល់​ផុត​ដៃ​អ្នកចាំទី នៅ​នាទី ៥៤ មុន​រំលង ៤ នាទី​បន្ទាប់ Fred ប៉ះ​បាល់​ខ្លី​ទម្លាក់​ពេញ​ជើង​ Casemiro ស៊ុត​កាច់​ចង្កេះ ដូច​គេ​ចាប់​ដាក់​នៅ​រយៈ​ចម្ងាយ​ជាង ២៧ ម៉ែត្រ ស្រែក​ហ៊ោ​រង្គើ​ពេញ​កីឡដ្ឋាន Old Trafford។ ចូល​ដល់​គ្រាប់​បាល់​ទី​បី​ ជា​ការ​លេង ១០ នាក់​របស់ Reading ទល់​ ១១ នាក់ ពេល​នោះ Bruno Fernandes បាន​កាត់​បាល់​ត្រង់​ចេញ​ពី​តំបន់​ស្លាប មក​ចូល​ប្រអប់ នាំ​ឲ្យ​កើត​ឱកាស​ដល់​កីឡាករ​ប្រេស៊ីល Fred ចេញ​ក្បាច់​ខ្វែង​ជើង​ថើរ​បាល់​ចូល​ទី​យ៉ាង​ធូរ។

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត Casemiro ត្រូវ​​បាន​អ្នក​គាំទ្រ និង​អ្នក​វិភាគ​បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ដោយ​ថា​កីឡាករ​វ័យ ៣០ ឆ្នាំ គឺ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល​នេះ ហើយ​ក៏​រាប់​បាន​ជា​ខ្សែ​បម្រើ​ការពារ​​ល្អ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន​ផង​ដែរ។ បាន​ទាំង​ការពារ ដណ្តើម​យក​បាល់​ក៏​អែម ស្លាយ​យក​បាល់​ពោរពេញ​ដោយ​បច្ចេកទេស ជា​រួម​ចេះ​មួយ​ចប់ ទាំង​ការ​បញ្ជូន​បាល់ Assist និង​ការ​បញ្ចប់​ទី មិន​ថា​ជិត​ឆ្ងាយ​ក្តី។

ងាក​ទៅ​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​ក្លឹប Arsenal លោក Ian Wright បាន​សរសើរ​​កីឡាករ​ប្រេស៊ីល​មិន​ដាច់​ពី​មាត់​បែប​នេះ​ថា៖ “វា​ជា​ការ​បញ្ចប់​ទី​ដ៏​ល្អ​មួយ ត្រឹម​តែ​គ្រាប់​បាល់​នោះ គឺ​សមល្មម​នឹង​ផ្តល់​ឲ្យ​គេ​នូវ​ពាន Man of the Match បាន​ហើយ ព្រោះ​ការ​ដែល​ចេះ​រត់​ចូល​ទៅ​ក្នុង​​ចន្លោះ តាម​រយៈ​ការ​បញ្ជូន​ចេញ​ពី Antony វា​គឺ​ជា​គ្រាប់​បាល់​គុណភាព​យ៉ាង​ពិត​ប្រាកដ ហើយ​នេះ​ការ​លេង​មួយ​ប៉ះ​ពីរ​ប៉ះ ពិត​ជា​ធ្វើ​ឲ្យ​ក្លឹប Reading មាន​ការ​ស្មុគស្មាញ​ជា​ខ្លាំង”។

រំឭក​ថា ស្ថិតិ​បង្ហាញ​ខ្លួន Casemiro ២៧ ប្រកួត ក៏​រក​បាន ២ គ្រាប់​និង Assist ៥ លើក ក៏​កំពុង​ឈរ​លើ​ក្តីសង្ឃឹម​អាច​លើក​ពាន ក្រោយ United ខកខាន​អស់​រយៈ​កាល ៦ ឆ្នាំ។ នៅ​រដូវ​កាល​នេះ បិសាច​ក្រហម​ជា​ក្លឹប​អង់គ្លេស​តែ​មួយ​គត់ ដែល​នៅ​សេសសល់​ឱកាស​លើក​ពាន​រង្វាន់ ៤ រួម​មាន Premier League ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៤, FA Cup ឈាន​មក​ដល់​ជុំ​ទី ៥, EFL Cup ឈាន​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង UEFA Europa League ឆ្លង​ដល់​​ការ​ប្រកួត Knockout ដណ្តើម​កៅអី​វគ្គ ១៦ ក្រុម ទល់ Barcelona នា​ខែ​ក្រោយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT