ធ្វើ​បាន​ល្អ! ​កង់​ភ្នំ​កម្ពុជា ​ទទួល​បាន​ពាន​៦​ពី​ការ​ប្រកួតKing Cup ​នៅ​ថៃ​

​ក្រុម​អត្តពលិក​កីឡាកង់ភ្នំកម្ពុជា​ បានឈ្នះពានរង្វាន់ចំនួន៦ ​ពីការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup ជុំទី១ នៅប្រទេសថៃ។ នេះបើតាមការឲ្យដឹងពីលោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំ នា​រសៀល​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ២០២៣ ​ពីប្រទេសថៃ។ ​នេះ​បើ​តាម Camsoc ​។

​លោក អ៊ុច សុខវិបុល បានរៀបរាប់ថា សម្រាប់ការឈ្នះពានរង្វាន់ទាំង៦មានដូចខាងក្រោម៖

វិញ្ញាសា XCO Men Elite

១. កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ៣

២. កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ ៤

វិញ្ញាសា XCO Men អាយុក្រោម២៣ឆ្នាំ

១. កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ ៣

២. កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ ៤

វិញ្ញាសា XCO Women Elite

កីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៥

វិញ្ញាសា XCO Women អាយុក្រោម២៣ឆ្នាំ

កីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៣

កីឡាករ២រូប និងកីឡាការិនី១រូប ទទួលបានពានរង្វាន់សរុប៦ក្នុងពូលកម្រិតខ្ពស់។

លោក​គ្រូបង្វឹក​រូបនេះ​ បានលើកឡើងថា ការចូលរួមប្រកួតនេះ ចាំបាច់ណាស់មុនស៊ីហ្គេម ឆ្នាំ​២០២៣ ​នៅកម្ពុជា ពីព្រោះសហព័ន្ធបានធ្វើកិច្ចការ ដោយសេចក្តីព្យាយាម និងទំនុកចិត្តខ្ពស់ ដើម្បី​យក​លទ្ធផល​មេដាយ​ជូនជាតិ។ ​ឥឡូវនេះ ​ជោគជ័យ​បាន​ស្តែង​ចេញ​បណ្តើរៗ​ដែល​ជាទំនុកចិត្ត​ខ្ពស់​ក្នុង​ការស្វែង​លទ្ធផលល្អប្រសើរ និង​ជាការបង្កើន​បទពិសោធន៍​កម្រិត​ខ្ពស់​បន្ថែម​ទៀត​ទាំង​កម្លាំង​កាយ ​បច្ចេកទេស កលល្បិច និងកសាងទំនុកចិត្តខ្ពស់ សម្រាប់ក្រុមជម្រើសជាតិមុនស៊ីហ្គេម ឆ្នាំ២០២៣។​

​ការប្រកួតនេះ កីឡាករ កីឡាការិនី ម្នាក់ៗបានចុះឈ្មោះប្រកួត៣វិញ្ញាសាដូចគ្នា។ ផ្នែកបុរស វិញ្ញាសា XCO Elite មានចម្ងាយផ្លូវ២៨គីឡូម៉ែត្រ ប្រណាំង៧ជុំ ក្នុង១ជុំៗមានចម្ងាយ៤គីឡូម៉ែត្រ។ ផ្នែកនារី Elite មានចម្ងាយ២៤គីឡូម៉ែត្រ ប្រណាំង៦ជុំ ក្នុង១ជុំៗមានចម្ងាយ៤គីឡូម៉ែត្រ និងផ្នែកបុរស-នារី វិញ្ញាសា Eliminate មានចម្ងាយ៧០០ម៉ែត្រ ទៅ១៤០០ម៉ែត្រ។

ការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup ជុំទី១ នៅស្រុក Thong Pha Phum ខេត្ត Kanchanaburi ប្រទេសថៃនេះ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិក៥នាក់ឱ្យចូលរួមប្រកួត ក្នុងនោះមាន លោក ផេង ប៉ូលីន ជាអ្នកដឹកនាំប្រតិភូ លោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក កីឡាករ ឆាន ឆៃហ្វុង កីឡាករ ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT