គុន​ខ្មែរ​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ជោគជ័យ​ខ្លាំង ​ជា​សង្ឃឹម​សម្រាប់​កម្ពុជា​នៅ​ស៊ីហ្គេម​២០២៣​

សកម្មភាពកីឡា ​ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ បាន​បញ្ចប់​ដោយ​ជោគជ័យ ពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ ​ដែល​ជាបុរេព្រឹត្តិការណ៍ឆ្ពោះ​ទៅស៊ីហ្គេម​ ឆ្នាំ២០២៣ គឺជាក្ដីសង្ឃឹមមួយ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។

ឯកឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC​ និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា ​(NOCC) ​មាន​ប្រសាសន៍​ថា​ ការរៀបចំការប្រកួតកីឡា មានដូចជា រត់​កម្សាន្ដ​ ប្រណាំងកង់ ​កីឡា​ទូកក្ដោង​ ក៏​ដូចជា​ប្រដាល់​គុនខ្មែរ​ជើង​ឯក​អាស៊ីអាគ្នេយ៍​ រយៈពេល ​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី​០៩-១១ ខែធ្នូ ក្នុងពិធីបុណ្យសមុទ្រ ខាងលើ សុទ្ធតែទទួលបានការគាំទ្រ និង​ជោគជ័យ​ដ៏​ធំធេង ​ពិសេសគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលជាការប្រកួត Pre-SEA Games សម្រាប់​ត្រៀម​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ២០២៣ ​តែម្ដង។

 

ឯកឧត្តមបានគូសបញ្ជាក់ថា​ «ក្នុងការរៀបចំការប្រកួតកីឡា​ប្រដាល់​គុនខ្មែរ​ជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ​ ក្នុង​ពិធីបុណ្យសមុទ្រនេះ​ គឺយើងសង្កេតឃើញជាក់ស្តែង​ ពីការងាររបស់អាជ្ញាកណ្តាល-ចៅ​ក្រម​ទាំងអស់ បានគោរពតាមគោលការណ៍រួមនៃបទបញ្ជាការប្រកួតគុនខ្មែរ ក៏​ដូចជា​គោល​ការណ៍​ប្រកួត​ Muay ដែលមានចែងក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម។ ការរៀបចំផ្តល់ពិន្ទុ កាត់​សេចក្តី ​របស់​អាជ្ញា​កណ្តាល​-ចៅ​ក្រមទាំងអស់ ​មានយុត្តិធម៌ ដែលជារឿងសំខាន់ ក្នុង​ការ​វិនិច្ឆ័យ​នៃ​ជំនាញ​នីមួយៗ»។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ដដែល ​បានសង្កត់ធ្ងន់ថា «នេះ​ជា​ភាព​សប្បាយ​រីករាយ​មួយ ​របស់​គណៈ​កម្មការរៀបចំ ​ក្នុងនាមជាម្ចាស់ផ្ទះ ហើយសូមអរគុណដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និង​មន្ត្រី​ជំនាញ ​មកពីសហព័ន្ធអន្តរជាតិ​ ដូចជាមកពីប្រទេសបារំាង ​ថៃ ម៉ាឡេស៊ី វៀតណាម​ជាដើម បាន​មកជួយផ្តល់គុណ​តម្លៃដល់​ការរៀបចំ ឲ្យមានភាពល្អប្រសើរ ស្មើភាពគ្នា និងយុត្តិធម៌។ នេះ​ជា​ការ​រៀប​ចំមួយ​មានភាពអស្ចារ្យ ហើយ​បានធ្វើឲ្យគុន​ខ្មែរ​ក្លាយ​ជា​ប្រភេទ​កីឡា​មួយ មាន​ទំនុក​ចិត្តកាន់​តែ​ខ្ពស់​ ពី​បណ្តាប្រទេសនានា ​ដែល​បានចូលរួមក្នុងពេលនេះ​ រួមទាំងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT