HERE WE GO! រក​ឃើញ​ហើយ​គីបហ្សីន​តំបន់​ប្រយុទ្ធ​រជ្ជកាល​ថ្មី Real Madrid សុទ្ធ​តែ​ឈាម​ជ័រ​ប្រេស៊ីល

“រលក​ក្រោយ​រុញ​ច្រាន​រលក​មុខ” គឺ​ជា​ច្បាប់​ធម្មជាតិ ដែល​តែងតែ​កើត​ឡើង​ឥត​គេច​ផុត ហើយ​វា​ក៏​កំពុង​សាយភាយ​ទៅ​លើ​ក្លឹប Real Madrid នៅ​តំបន់​ប្រយុទ្ធ​ជា​ពិសេស​ផង​ដែរ បើ​រាប់​ការ​ចាកចេញ​ម្តង​មួយៗ ពោល​តាំង​ពី​ជំនាន់ Cristiano Ronaldo នៅ​ឆ្នាំ ២០១៨។

ដំណើរចែកផ្លូវរបស់​កីឡាករ​ព័រទុយហ្គាល់ ជា​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង និង Gareth Bale ជា​ប្រយុទ្ធ​ស្លាប​ស្តាំ​ដ៏​ប៉ិនប្រសព្វ ល្បីល្បាញ​ខ្លាំង​នៅ​សម័យ​កាល “BBC” ឥឡូវ​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​ចោល​បាត់​ទៅ​ហើយ បន្ទាប់​ពី​ក្លឹប​រក​បាន​អ្នក​ថ្មី ល្អ​ទាំង​វ័យ ល្អ​ទាំង​គុណភាព នោះ​គឺ Vinicius Junior និង Rodrygo។

យ៉ាង​ណា​ពេលវេលា​ទៅ​មុខ ការ​ឈរ​ជើង​របស់ Karim Benzema មួយ​រូប​ចុង​ក្រោយ នៅ​ប្រយុទ្ធ​ប្រអប់ ក៏​មិន​ជា​គង់វង្ស​យូរ​ទៀត​នោះ​ដែរ ម្ល៉េះ​ក្លឹប​ក៏​សម្រេច​ដាក់​គោលដៅ​ជា​បណ្តើរៗ ហើយ​កន្លង​ទៅ​ថ្មីថ្មោង​ទើប​តែ​ជោគជ័យ​យក​បាន​យុវជន​ឆ្នើម​ Endrick Felipe របស់​ក្លឹប​ប្រេស៊ីល Palmeiras។

បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ដូច ESPN និង​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​រវាង​ភាគី​ក្លឹប Real Madrid និង Palmeiras គឺ​ឈាន​ដល់​ការ​សម្រេច ១០០ ភាគរយ​ហើយ នៅ​ឡើយ​ចាំ​តែ​រត់​ឯកសារ​ផ្លូវ​ច្បាប់ ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​កំណត់​របស់ FIFA តែ​ប៉ុណ្ណោះ។

តម្លៃ​ផ្តាច់​កុងត្រា​ដែល​ក្លឹប​អាណាព្យាបាល ព្រម​លក់​ចេញ Endrick គឺ ៦០ លាន​អឺរ៉ូ តែ​ដោយសារ​ក្លឹប​អធិរាជ​ស ចង់​ប្រជែង​យក​ឈ្នះ​លឿនៗ​ទៅ​លើ​ក្លឹប Chelsea និង Paris Saint-Germain ម្ល៉េះ​ហើយ​ក៏​សម្រេច​បុក​លុយ​បន្ថែម ១២ លាន​អឺរ៉ូ​ផ្សេង​ទៀត បើ​គិត​ទាំង​ប្រាក់​បង់ពន្ធ ដើម្បី​បិទ​បញ្ចប់​ដំណើរការ​ចរចា​តែ​ម្តង។

ស្ថិត​នៅ​អាយុ ១៦ ឆ្នាំ ការ​ដែល​ត្រូវ​ទៅ​ក្លឹប​នៅ​​ក្រៅ​ប្រទេស​កំណើត គឺ​ទាមទារ​ការ​រត់​ឯកសារ​ជាមួយ​លក្ខខណ្ឌ​តឹងរ៉ឹង​ជា​ច្រើន​ហូរហែ ទើប​ជា​ហេតុ​នាំ​ឲ្យ​ដំណឹង​ផ្លូវការ មិន​ទាន់​អាច​ត្រូវ​បាន​ប្រកាស​នា​ពេលវេលា​ឥឡូវ​នេះ ហើយ​អាច​រង់ចាំ​ដល់​ក្រោយ​ចប់ World Cup ក៏​ថា​បាន។

ខ្សែ​ប្រយុទ្ធ​ប្រអប់ ជាប់​រហស្សនាម “Pele” ជំនាន់​ថ្មី នឹង​ត្រូវ​មក​បង្ហាញ​ខ្លួន​លើ​ទីលាន​ឲ្យ Real Madrid នៅ​ពេល​គេ​គ្រប់​អាយុ ១៨ ឆ្នាំ ឬ​កំឡុង​ឆ្នាំ ២០២៤ ជាមួយ​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ត​ទៅ​មុខ។ គួរ​ឲ្យ​ដឹង​ដែរ​ថា Endrick ឡើង​កូដ មាន​គេ​ទទួល​ស្គាល់​ត្រឹម​មួយ​រំពេច ដ្បិត​ទើប​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ឲ្យ Palmeiras កាល​ពី​ថ្ងៃ​ទី ៦ ​តុលា តែ​ក៏​មាន​ចំណែក​រក​គ្រាប់​បាល់ ដល់​ក្លាយ​ជា​អ្នក​ស៊ុត​វ័យ​ក្មេង​បំផុត ជួយ​ក្លឹប​ឈ្នះ​ពាន​លីគ​កំពូល Serie A របស់​ប្រេស៊ីល។

ជា​រួម​មក​នេះ​យើង​អាច​សម្រេច​បាន​ថា យ៉ាង​យូរ ២ ឆ្នាំ​ទៅ​មុខ​ទៀត គីបហ្សីន​តំបន់​ប្រយុទ្ធ​រជ្ជកាល​ថ្មី​របស់ Real Madrid ក៏​នឹង​រំលេច​ឡើង ហើយ​សុទ្ធ​សឹង​ជា​កីឡាករ​មាន​សញ្ជាតិ​ប្រេស៊ីល ដូច Rodrygo លេង​ស្លាប​ស្តាំ Vinicius លេង​ស្លាប​ឆ្វេង ហើយ Endrick លេង​ប្រយុទ្ធ​កណ្តាល ដូច​គ្នា​ពួក​គេ​ក៏​នឹង​អាច​ក្លាយ​ជា​ Trio តំបន់​ប្រយុទ្ធ​ឲ្យ​ជម្រើស​ជាតិ នៅ World Cup ២០២៦ ក៏​ថា​បាន៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT