ប្រដាល់​សកល​កម្ពុជា​៨​នាក់​ទៅ​ហ្វឹកហាត់ ​នៅ​កាហ្សាក់ស្ថាន​

​កីឡាករ​ជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា ​ចំនួន ៨នាក់​ គ្រោងនឹង​ចេញដំណើរ​ទៅបោះ​ជំរំ​ហ្វឹក​ហាត់ ​នៅប្រទេសកាហ្សាក់ស្ថាន រយៈពេល២​សប្តាហ៍ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុង លើ​ថ្លៃ​សំបុត្រ​យន្តហោះ ​ការស្នាក់នៅ-ហូបចុក ពីគណៈកម្មាធិការជាតិរៀប​ចំការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។​

​លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូសបញ្ជាក់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រុមជម្រើសជាតិប្រដាល់សកល នឹងហោះទៅប្រទេសកាហ្សាក់ស្ថាន នៅវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូនេះ ហើយបន្តការហ្វឹកហាត់ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងបច្ចេកទេស ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ត្រៀមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូង។

លោកបន្ថែមថា អំឡុងពេលហ្វឹកហាត់នេះ ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ក៏នឹងប្រកួតដកស្រង់បច្ចេកទេសជាមួយជម្រើសជាតិគុយបា កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀត មកពីជុំវិញពិភពលោកផងដែរ។ «ក្នុងឱកាសហ្វឹកហាត់ដ៏សំខាន់នេះ នឹងជួយជំរុញឲ្យក្រុមជម្រើសជាតិពង្រឹងទាំងសិទ្ធផល និងបទពិសោធប្រកួតអន្តរជាតិ ដែលជំរុញបន្ថែមឲ្យពួកគេ ត្រៀមខ្លួនបានល្អ សម្រាប់ដណ្តើមមេដាយ នាការប្រកួតជាលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT