ខ្សែបម្រើ Mesut Ozil បានបញ្ជាក់ថាអ្នកចាត់ការ Unai Emery នៅមិនទាន់សប្បាយចិត្តឡើយ បើទោះជាក្រុម Arsenal បានឈ្នះរហូតដល់១១ប្រកួតជាប់គ្នាហើយក៏ដោយ។
ក្រោមការដឹកនាំរបស់ Emery ក្រុមកាំភ្លើងធំ ហាក់ដូចជាធ្វើមិនបានល្អឡើយនៅ២ប្រកួតដំបូង ដោយបរាជ័យជានិច្ច។ ដោយឡែកសម្រាប់១១ប្រកួតចុងក្រោយមកទៀត ក្រុមកីឡាករហាក់ដូចជាយល់ចិត្តគ្នាច្រើន ហើយអាចស្វែងរកជ័យជម្នះមកវិញទាំងអស់ផងដែរ។ បច្ចុប្បន្ននេះ ពួកគេកំពុងប្រជែងជាមួយក្រុមខ្លាំងៗនៅលើខាងលើកំពូលតារាងអង់គ្លេស និងឈរលេខ១ក្នុងពូលនៅ Europa League ថែមទៀតផង។
ត្បិតតែយ៉ាងនេះក្ដី Ozil បានបង្ហើបថាអ្នកចាត់ការក្រុមរបស់ខ្លួននៅ មិនទាន់សប្បាយចិត្តឡើយ។ “គាត់ចង់ធ្វើឱ្យអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះ។ គាត់បានប្រាប់គ្រប់គ្នាថា យើងត្រូវផ្លាស់ប្ដូរច្រើនទៀត និងបន្ដខំប្រឹងប្រែងហ្វឹកហាត់។ ការប្រកួតនៅសល់ច្រើនទៀត ហើយត្រូវធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត”៕ប្រភពDailyMail