អ្នក​ចាំទី Copenhagen ​ថា Haaland ​មិន​មែន​ជា​មនុស្ស​ឡើយ

​កីឡាករ Kamil Grabara ​ដែល​ជា​អ្នកចាំទី​របស់​ក្រុម FC Copenhagen ​បាន​ចាត់​ទុក Earling Haaland ​ថា​មិន​មែន​ជា​មនុស្ស​ឡើយ ចំពោះ​សមត្ថភាព​បញ្ចប់​ទី​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​។

​Haaland ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ក្នុង​ជ័យជម្នះ​ដែល​ក្រុម Manchester City ​យក​ឈ្នះ​លើ​ក្រុម FC Copenhagen ​ក្នុង​លទ្ធផល ​៥-០។ ​ដោយ​នេះ​ជា​គ្រាប់​បាល់​ទី​១៩​ហើយ​សម្រាប់​កីឡាករ​វ័យ​ក្មេង​រូប​នេះ គិត​ចាប់​តាំង​ពី​បើក​រដូវ​កាល​មក។ ​ដោយ​នេះ ​ជា​ការ​សម្រេច​បាន​ដ៏​អស្ចារ្យ​មួយ​ទៅ​ហើយ​សម្រាប់​រូបគេ ​និង​ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ផង​ដែរ។

​សូម្បី​តែ​អ្នក​ចាំទី​ក្រុម FC Copenhagen ​កីឡាករ Grabara ​ក៏​លើក​អតីត​កីឡាករ Dortmund ​នេះ​ដែរ​ថា​គេ​លេង​បាន​ល្អ ​និង​មាន​សមត្ថភាព​លើស​ពី​កីឡាករ​ធម្មតា។ Grabara ​និយាយ​ថា​៖ “វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ ​ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​សមត្ថភាព​ល្អ ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​បែប​នេះ​ទេ។ ​គ្រាប់​ទី​១​និង​ទី​២ ​ខ្ញុំ​សើច គាត់​តែងតែ​មក​ដល់​គ្រប់​ពេល​និង​ត្រូវ​វេលា​ល្អ។ គាត់​មិន​មែន​ជា​មនុស្ស​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT