Jose Mourinho ផ្ញើសារទៅកាន់ Gonzalo Higuain បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះប្រកាសចូលនិវត្តន៍

អតីតអ្នកចាត់ការក្លឹប Real Madrid លោក Jose Mourinho បានផ្ញើសារទៅកាន់អតីតកីឡាកររបស់គាត់ Gonzalo Higuain ដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃទី៣ ខែតុលា។ ខ្សែប្រយុទ្ធ Inter Miami នឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាល MLS ២០២២ នេះតទៅ។

Higuain ធ្លាប់លេងឱ្យក្លឹបធំៗមួយចំនួននៅលើពិភពលោកដូចជា Real Madrid, Juventus, AC Milan, Napoli និង Chelsea។ គាត់បានទទួលជោគជ័យក្រោមការដឹកនាំរបស់លោក Mourinho អំឡុងពេលពួកគេនៅជាមួយគ្នានៅ Santiago Bernabeu។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ឈ្នះ​ពាន La Liga បី​លើក​ ហើយមួយក្នុង​ចំណោម​នោះ​គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ Mourinho ក្នុង​រដូវ​កាល ២០១១-១២។

បន្ទាប់ពីកីឡាករវ័យ ៣៤ ឆ្នាំបានប្រកាសចូលនិវត្តន៍ លោក Mourinho បានចូលគណនី Instagram របស់គាត់ដើម្បីចែករំលែករូបភាពជាមួយខ្សែប្រយុទ្ធ ហើយបានសរសេរថា៖

“តើអ្នកធុញនឹងការរកគ្រាប់បាល់មែនទេ? រីករាយនឹងជីវិតដែលសេសសល់របស់អ្នក!”

Higuain បានចូលរួមជាមួយ Real Madrid ពី River Plate ក្នុងឆ្នាំ ២០០៧ ដោយស៊ុតបញ្ចូលទីបាន ១២១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៥៦ ដងក្នុង ២៦៤ ប្រកួតសម្រាប់ក្លឹប។ ទន្ទឹមនឹងការឈ្នះពាន La Liga បីដង រូបគេក៏បានឈ្នះពាន Spanish Super Cup ចំនួនពីរ និងពានរង្វាន់ Copa del Rey មួយជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះផងដែរ។

បន្ទាប់មកគាត់បានចូលរួមជាមួយ Napoli ក្នុងឆ្នាំ ២០១៣។ គាត់បានស្មើកំណត់ត្រានៃការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាល Serie A ជាមួយ Partenopei ក្នុងរដូវកាល ២០១៥-១៦ ដោយរកបាន ៣៦ គ្រាប់។

ទន្ទឹមនឹងនោះ Mourinho បានដឹកនាំ Real Madrid ចំនួនបីរដូវកាលពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣។ គាត់បានឈ្នះពានរង្វាន់ La Liga មួយ ពានរង្វាន់ Copa del Rey មួយ និងពានរង្វាន់ Spanish Super Cup មួយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT