តើ Steven Gerrard ជ្រើសរើសអ្នកណា រវាង Cristiano Ronaldo និង Lionel Messi?

ការ​ជជែក​ដេញដោល​គ្នា​​រវាង Messi និង Ronaldo នៅតែបន្តជារៀងរាល់ថ្ងៃ ខណៈ​ដែល​អ្នក​ខ្លះ​ជ្រើសរើសយកតារាឆ្នើម​ព័រទុយហ្គាល់ ហើយខ្លះ​ទៀត​រើស​យកតារាឆ្នើម​អាហ្សង់ទីន​ជា​ចំណូល​ចិត្តរបស់ខ្លួន។

កីឡាករទាំងពីរបានដណ្តើមយកកំណត់ត្រា និងពានរង្វាន់ជាច្រើនរាប់មិនអស់ពេញមួយអាជីពដ៏មិនគួរឱ្យជឿរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ Gerrard បានគាំទ្រ Lionel Messi ជាង Cristiano Ronaldo នៅក្នុងការជជែកពិភាក្សានេះ។ អ្នកចាត់ការ Aston Villa បានបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាទាំងពីរគឺស្ថិតក្នុងស្ថានភាពខុសគ្នាពីកីឡាករដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ គាត់យល់ឃើញថា តារាឆ្នើម Paris Saint-Germain (PSG) គឺជាកីឡាករនាំក្រុមលេងបានល្អជាងតារាឆ្នើម Manchester United។

នេះជាអ្វីដែល Steven Gerrard បាននិយាយក្នុងពេលសម្ភាសន៍៖

“ពួកគេគឺជាកីឡាករពីរនាក់នៅស្ថិតក្នុងសម័យកាលរបស់ខ្ញុំ ដែលខុសតែឆ្នាំប៉ុណ្ណោះ។ នៅពេលដែលអ្នកជាកីឡាករបាល់ទាត់ ហើយអ្នកបានធ្វើវាបានដោយខ្លួនឯង – ខ្ញុំមិនប្រាកដថាមានកីឡាករណាផ្សេងទៀតនឹងអាចធ្វើវាបានម្តងទៀតនោះទេ។ ពួកគេ [Ronaldo និង Messi] ខុសគ្នាខ្លាំងសម្រាប់ខ្ញុំ”។

អតីត​ប្រធាន​ក្រុម Liverpool រូបនេះបាន​បន្ថែម​ថា៖

“ខ្ញុំគិតថាពួកគេទាំងពីរកំពុងលេងតាមរបៀបពីរផ្សេងគ្នាដែលខុសប្លែកពីកីឡាករបាល់ទាត់គ្រប់រូបផ្សេងទៀតដែលកំពុងលេង។ ប្រហែលជាក្រៅពី Pele និង Maradona សម្រាប់ខ្ញុំ Messi គឺជាកីឡាករនាំក្រុមលេងបានល្អប្រសើរជាង។ ប្រសិនបើគាត់នៅមុខទី គាត់នឹងសម្លឹងមើលរកកីឡាករដទៃទៀតដើម្បីបញ្ជូនបាល់ ហើយគាត់ក៏មានចំនួនគ្រាប់បាល់ផ្ទាល់ខ្លូនល្អផងដែរ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT