កំពូលអ្នកប្រដាល់សាកលមិនដែលចាញ់របស់អាមេរិក Floyd Mayweather ទទួលបានតម្លៃខ្លួន២០លានដុល្លារក្នុងការប្រកួត exhibition ជាមួយកីឡាករ Mikuru Asakura។
Floyd បានប្រកាសចូលនិវត្តន៏ជាច្រើនឆ្នាំហើយ ប៉ុន្តែគេនៅអាចប្រកួតបានក្នុងការប្រកួតលក្ខណៈ exhibition ដែលមិនប៉ះពាល់ជាមួយកំណត់ត្រាមិនចាញ់សោះរបស់គេឡើយ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ គេបានឡើងសង្វៀនជាថ្មីម្ដងទៀត ដោយប៉ះជាមួយកីឡាករ Mikuru របស់ប្រទេសជប៉ុន ដែលការប្រកួតនោះធ្វើឡើងនៅជប៉ុន និងវាយ៣ទឹកប៉ុណ្ណោះ។ ជាលទ្ធផល Floyd នៅតែធ្វើបានល្អ យកឈ្នះជើងខ្លាំងជប៉ុនឱ្យសន្លប់នៅត្រឹមទឹក២ប៉ុណ្ណោះ។
ឡើងសង្វៀនប្រកួតលើកនេះដែរ Floyd ទទួលបានតម្លៃពលកម្មរហូតដល់២០លានដុល្លារឯណោះ។ កីឡាករវ័យ៤៥ឆ្នាំរូបនេះ ចាប់ផ្ដើមចូលនិវត្តន៏នៅឆ្នាំ២០១៧ ហើយដល់ឆ្នាំ២០១៨ រូបគេចាប់ផ្ដើមប្រឡូកក្នុងការប្រកួត exhibition វិញ។ ដោយធ្លាប់ប៉ះកីឡាករវ័យក្មេងជប៉ុន Tenshin Nasukawa កាលនោះឈ្នះទឹក១ និងប៉ះ Logan Paul ដែលជាតារា Youtube ទៀត។ ដោយ២ប្រកួតនេះ ត្រូវបានគេដឹងថា Floyd រកបានប្រមាណជា១០០លានដុល្លារ៕