Lothar Matthaus វីរបុរសរបស់បាល់ទាត់អាល្លឺម៉ង់ បានអះអាងថាខ្សែបម្រើ Toni Kroos អាចចាត់ចូលជាខ្សែបម្រើល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់ទៅហើយ។
Matthaus កាលនៅជាកីឡាករ លោកជាខ្សែបម្រើឆ្នើមម្នាក់ដែលជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ FIFA World Cup នៅឆ្នាំ១៩៩០ ហើយឆ្នាំនោះដែរលោកក៏ជាអ្នកឈ្នះពានរង្វាន់កិត្ដិយស Ballon dÓr ផងដែរ។ ការស្ដារកេរ្ដិ៏ឈ្មោះក៏ល្អនោះ ត្រូវបានអ្នកគាំទ្រចាត់លោកជាខ្សែបម្រើឆ្នើមរបស់អាល្លឺម៉ង់ទៅហើយ ព្រោះឈ្នះពានរង្វាន់រាប់មិនអស់។
តែបើតាមសាមីខ្លួនវិញ អះអាងថារឿងនោះមិនពិតនោះទេ។ លោកមិនដែលចាត់ខ្លួនជាកីឡាករល្អបំផុតអ្វីឡើយ។ ផ្ទុយទៅវិញ លោកបានមើលឃើញថាបច្ចុប្បន្នមានកីឡាករម្នាក់ដែលកំពុងសក្ដិសមសម្រាប់ឈ្មោះនេះ។ ដោយម្នាក់នោះគឺ Toni Kroos ដែលកំពុងលេងនៅ Real Madrid ។ កីឡាករវ័យ៣២ឆ្នាំនេះ ឈ្នះពាន UEFA Champions League ទាំងនៅ Bayern Munich និង Real Madrid ហើយគេក៏បានឈ្នះពាន World Cup ថែមទៀត។ ដោយខ្លីទៅ Kroos ឈ្នះគ្រប់ពានរង្វាន់អស់ទៅហើយ និងសក្ដិសមបំផុតដែលជាប់ឈ្មោះជាខ្សែបម្រើល្អបំផុតរបស់អាល្លឺម៉ង់៕