Mohamed Salah បានបន្ថែមកុងត្រាថ្មី ហួសពីសុពលភាពចាស់ដែលត្រូវផុតនៅឆ្នាំបន្ទាប់ ពោលថែមដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ ជាមួយនឹងប្រាក់ពលកម្មដ៏ក្រាស់ក្រែល ក្លាយជាកីឡាករស៊ីថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រក្លឹប Liverpool។
ទោះជាយ៉ាងណាបើតាមសារព័ត៌មាន The Sun ចុះផ្សាយ បុរសសញ្ជាតិអេហ្សីបក៏បានពិចារណាការវិលទៅទ្រនំចាស់ គឺក្លឹបម្ចាស់ដី Stamford Bridge ផងដែរ ក្រោយពេល Chelsea បានដាក់សំណើមក និងចង់ផ្តល់ថ្លៃពលកម្ម ៣៥០ ០០០ ផោនឲ្យទៅ Salah។
ម្ចាស់ថ្មី លោក Todd Boehly របស់តោខៀវ ហាក់ចង់បានកីឡាករខាងលើជាខ្លាំង ពោលជឿជាក់លើគុណភាព ហើយបានទាក់ទងទៅភ្នាក់ងារ Salah យ៉ាងពិតប្រាកដ តែយ៉ាងណាសម្រេចចិត្តចុះឡើង ក៏នៅតែការចុះហត្ថលេខាឲ្យហង្សក្រហម ជាចម្លើយអាទិភាព។ បញ្ជាក់ថា កីឡាករវ័យ ៣០ ឆ្នាំ ធ្លាប់ឈរជើងឲ្យ Chelsea ចន្លោះឆ្នាំ ២០១៤ មុនចាកចេញទៅក្លឹបនៅអ៊ីតាលី AS Roma កាលពីឆ្នាំ ២០១៦៕
ប្រភព៖ The Sun