ក្រុមបិសាចក្រហម Manchester United កំពុងតាមទិញអ្នកចាំទី Yassine Bounou ពីក្រុម Sevilla ក្រោយពីពួកគេដឹងថា David de Gea អាចនឹងចាកចេញពីក្លឹបនាចប់រដូវកាលនេះ។
De Gea អាចនឹងចាកចេញពីក្រុម Man Utd នៅចប់រដូវកាលនេះ ក្រោយពីរូបគេខកចិត្តជាច្រើនរដូវកាលមកហើយ មិនអាចឈ្នះពានរង្វាន់អ្វីសោះ។ ខណៈដែលរូបគេផ្ទាល់ក៏ចង់ទៅលេងនៅក្លឹបថ្មី ដើម្បីទទួលបានបទពិសោធល្អៗបន្ថែមទៀតផងដែរ។ មួយវិញទៀត អ្នកចាំទីរូបនេះ ចង់បង្ហាញឱ្យអេស្ប៉ាញឃើញថារូបគេជាអ្នកចាំទីល្អគ្រប់គ្រាន់ អាចជាប់ជម្រើសជាតិវិញបានដើម្បីលេង World Cup 2022 នៅចុងឆ្នាំ។
ដោយសារតែបែបនេះហើយ ទើបបានជា Man Utd ត្រូវរកមើលអ្នកចាំទីថ្មីឱ្យហើយ។ ពួកគេបានឃើញកីឡាករ Yassine Bounou របស់ក្រុម Sevilla កំពុងធ្វើបានល្អដែរ។ កីឡាករវ័យ២៩ឆ្នាំនៅសល់កុងត្រា២ឆ្នាំនៅក្លឹបអេស្ប៉ាញ ហើយតម្លៃខ្លួនរបស់គេអាច២៥លានផោន។ វាជាតម្លៃសមល្មមសម្រាប់ក្រុម Man Utd ដើម្បីចំណាយយកអ្នកចាំទីថ្មីមករួមក្រុមហើយ៕ប្រភព៖ DailyMail