មានចចាមអារ៉ាមថា លោក Mauricio Pochettino កំណត់ត្រូវអស់តំណែងត្រឹមបញ្ចប់រដូវកាលខាងមុខ ហើយថ្នាក់លើក្លឹប PSG នឹងបង្វែរទៅនាំយក គ្រូទំនេរជើង Zinedine Zidane ឲ្យមកចូលដឹកនាំជំនួស។ យ៉ាងណាការមកដល់សារនេះ អ្នកចាត់ការសញ្ជាតិបារាំង ក៏ទាមទារឲ្យថ្នាក់លើក្លឹប ត្រូវព្រមតាមលក្ខខណ្ឌមួយចំនួន។
ខមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះ គឺអតីតគ្រូ Real Madrid បានមើលឃើញពីចន្លោះប្រហោង នៃប្រព័ន្ធជើងក្រោមរបស់ PSG ហើយទាមទារដាច់ខាត ឲ្យក្លឹបត្រូវតែទៅចរចាសម្រេចយក Jordi Alba ចេញពីទឹកដី Camp Nou ដើម្បីមកជួយដឹកបាល់ ដល់ជើងប្រយុទ្ធ Lionel Messi នៅតំបន់ខាងលើ។
Zidane ជឿជាក់ថា មានតែខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញ Alba តែប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាដែល Messi កំពុងជួបប្រទះ។ ការសហការរវាង Alba-Messi នឹងនាំឲ្យ PSG អាចបង្កើតផ្លែផ្កាជោគជ័យជាងពេលបច្ចុប្បន្ន ហើយសំខាន់កីឡាករអាហ្សង់ទីន ក៏នឹងអាចដកខ្លួន ចេញពីស្រមោលដ៏អាក្រក់ផងដែរ។ នេះបើតាមសារព័ត៌មាន El Nacional បានចុះផ្សាយ។
យ៉ាងណា ការចរចាយក Alba ក៏មិនប្រាកដថា ងាយដូចការចង់បាន Zidane ដ្បិតអីពេលចុងក្រោយ កីឡាករវ័យ ៣២ ឆ្នាំ កំពុងក្លាយជាចំណែកខ្វះពុំបាន របស់អ្នកចាត់ការលោក Xavi Hernandez។ នៅតំណែងការពារឆ្វេង Alba សឹងតែម៉ៅដាច់រដូវកាលនេះ សរុបការបង្ហាញខ្លួន ៣២ ប្រកួត រកបាន ២ គ្រាប់និង Assist ៩ លើក។ សុពលភាពកុងត្រារបស់កីឡាករអេស្ប៉ាញ សេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ជាមួយនឹងហាងឆេងថ្លៃខ្លួន ល្បាក់ ១៥ ទៅ ២០ លានអឺរ៉ូ។
បន្តទៅរឿងមួយផ្សេងទៀត ក្រវែលជុំវិញចចាមអារ៉ាមពាក់ព័ន្ធនឹងក្លឹប PSG នេះដែរ ក្រៅពីការចង់ចាកចេញរបស់ Kylian Mbappe ទៀតសោត ក្លឹបកាន់កាប់ដោយសម្ព័ន្ធ Qatar Sports Investment ក៏អាចនឹងត្រូវបាត់បង់ខ្សែប្រយុទ្ធ Neymar Jr, Angel di Maria និងខ្សែការពារ Sergio Ramos នៅក្រោយបញ្ចប់រដូវកាលខាងមុខ។
ករណីរបស់ Di Maria បើតាមសារព័ត៌មាន AS បានចុះផ្សាយ ដ្បិតគេមានជម្រើសអាចបន្តកុងត្រាថ្មីថែមមួយឆ្នាំ តែកីឡាករអាហ្សង់ទីនហាក់ចង់ដើរចេញនៅលក្ខខណ្ឌឥតតម្លៃផ្ទេរ ទៅកាន់ទ្រនំថ្មីជាង។ ក៏ដោយសារមើលឃើញពីការធ្លាក់ចុះនៃទម្រង់លេង ដែលទើបតែបរាជ័យនៅពានរង្វាន់ Champions League ជាថ្មី ហើយគេកំពុងឲ្យភ្នាក់ងារសិក្សាមើលពីលទ្ធភាព ក្នុងការវិលត្រលប់ទៅកាន់ក្លឹបចាស់ Real Madrid។
ស្រដៀងគ្នានឹង Neymar ក្រោយរងពាក្យរិះគន់ និងសំឡេងស្រែកចំអកពីអ្នកគាំទ្រនៅកីឡដ្ឋាន គេក៏ហាក់អស់ចិត្តនឹងបន្តនៅ រួចចង់ដើរចេញមុនផុតកុងត្រា ៣ ឆ្នាំ ដោយអាចជាវិលទៅក្លឹប Barcelona ឬក៏បោះជំហានធំ ទៅកាន់ក្លឹបនៅឯទឹកដីអាមេរិក ដើម្បីកើបលុយធំនៅទីនោះតែម្តង។
ចុងក្រោយ Sergio Ramos បញ្ហារបស់គេ គឺត្រង់ការកើតមានរបួសឥតឈប់ រួចមិនទទួលបានពេលវេលាលេងជាប់លាប់ ក្រោមការដឹកនាំរបស់លោក Mauricio Pochettino។ នេះកីឡាករអេស្ប៉ាញមើលឃើញថា បើបន្តបែបហ្នឹងតែប៉ុន្មានខែទៀត នោះអាជីពនិងកេរឈ្មោះ ក៏ប្រាកដជាធ្លាក់កូដខ្លាំង ហើយពិបាកស្រោចស្រង់មិនខាននៅពេលបន្ទាប់ ដូច្នេះការលៃលកស្វែងរកក្លឹបថ្មី ត្រឹមរដូវក្តៅខាងមុខ គឺជារឿងដែលគួរតែធ្វើ៕
ប្រភព៖ បរទេស