ទម្រង់លេងរបស់ Harry Maguire ហាក់នៅតែបន្តធ្លាក់ចុះ និងមិនអាចស្រោចស្រង់ឲ្យល្អប្រសើរវិញទាល់តែសោះនៅពេលចុងក្រោយ។ ហេតុនេះក៏នាំឲ្យកើតមានចចាមអារ៉ាមថា ក្លឹបអាណាព្យាបាលក៏អស់ការអត់ធ្មត់ ហើយចង់ជ្រេចេញកីឡាករអង់គ្លេស នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។
បង្វែរមកវិញ ក្លឹបម្ចាស់ដី Old Trafford បានសម្លឹងឃើញខ្សែការពារមាឌឌាំង Lucas Hernandez របស់ក្លឹប Bayern Munich។ កីឡាករសញ្ជាតិបារាំង សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយអាចជាមានតម្លៃផ្ទេរ ចន្លោះ ៤៥ ទៅ ៥០ លានផោន។ រដូវកាលនេះ គេរាប់បានជាកម្លាំងសកម្មរបស់ក្រុមលោក Julian Nagelsmann ដោយបង្ហាញខ្លួនជាប់លាប់ដល់ទៅ ២៧ ប្រកួត។
បើតាមសារព័ត៌មាន Fichajes ពេលនេះ United កំពុងដាក់សំណើចរចា ទៅកាន់ភាគីក្លឹបអាល្លឺម៉ង់ហើយ ដើម្បីសិក្សាពីតម្លៃក្នុងការនាំយក Hernandez ចេញពីទ្រនំនៃក្លឹប Bayern Munich។ ក្រៅតែពី United ក៏រួមមានទាំង Barcelona និង Real Madrid លឺថាចាប់អារម្មណ៍មកលើគុណភាពខ្សែការពារវ័យ ២៦ ឆ្នាំដូចគ្នា៕
ប្រភព៖ Fichajes