ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចង់បាន ខ្សែការពារកណ្តាលនៃក្លឹបបិសាចក្រហម Manchester United គឺ Eric Bailly សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។
រំឭកបន្តិច បុរសវ័យ ២៧ ឆ្នាំ បានក្លាយជាកីឡាករក្រៅជម្រើស ក្រោមការដឹកនាំរបស់លោក Ralf Ragnick ជាក់ស្តែងរដូវកាលនេះ ទើបតែឈរជើង ៤ លើកគត់នៅក្របខ័ណ្ឌ Premier League។ បន្ទាប់វិលត្រលប់ពីការលេងឲ្យជម្រើសជាតិនៅ AFCON វិញ ក៏កីឡាករបានជួបរបួស ដែលនាំឲ្យអនាគតកាន់តែមិនប្រាកដប្រជា។
បើតាមសារព័ត៌មាន Daily Star ចុះផ្សាយថា ពេលនេះក្លឹបនៅតំបន់កាតាឡូញ៉ា បានចាប់អារម្មណ៍សមត្ថភាពកីឡាករកូឌីវ័រ ហើយទំនងជាត្រូវចាយល្បាក់ ៣០ លានផោន ដ្បិតអីសុពលភាពកុងត្រាសេសសល់រយៈពេល ២ ឆ្នាំទៀត។ Bailly គេក៏ធ្លាប់លេងឲ្យក្លឹបនៅ La Liga ផងដែរ តួយ៉ាងគឺ Espanyol និង Villarreal មុនផ្ទេរមកក្លឹបម្ចាស់ដី Old Trafford៕
ប្រភព៖ Daily Star