ក្លឹបកាំភ្លើងធំ Arsenal ហាក់មិនមានផែនការណ៍ចង់បន្តការឈរជើងសម្រាប់ Pierre-Emerick Aubameyang នោះទេ ដោយកំពុងគិតចង់ដោះដូររវាងកីឡាករនៃក្លឹប FC Porto គឺ Mehdi Taremi។ នេះបើតាមសារព័ត៌មាន The Canary Leaks បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា ក្លឹបទាំងពីរកំពុងស្ថិតក្នុងការចរចា ដោយភាគីក្លឹប Arsenal មិនចង់បន្តកុងត្រាថ្មី អ្វីទៀតនោះទេ សម្រាប់កីឡាករហ្គាបុង បន្ទាប់ពីមានរឿងរកាំរកូសនឹងគ្នាកន្លងមក។ ណាមួយដោយមើលឃើញ គុណភាពរបស់ Taremi ធ្វើបានល្អផង អ៊ីចឹងក៏ចាប់អារម្មណ៍ចង់បានកីឡាករអ៊ីរ៉ង់មកជួយក្រុមខ្លួន នៅ Premier League។
បញ្ជាក់ឲ្យដឹង បុរសវ័យ ២៩ ឆ្នាំនៅក្លឹប FC Porto អាចជាមានតម្លៃខ្លួន ៥០ លានផោន ដូច្នេះហើយ Arsenal បើទោះបីត្រូវផ្តល់ Aubameyang ទៅឲ្យក្លឹបនៅព័រទុយហ្គាល់ ក៏ពួកគេនឹងត្រូវបន្ថែមកញ្ចប់ចំណាយមួយតង់ផ្សេងទៀតដែរ។
រំឭកថា Taremi គេបានមកចូលរួមនៅ Porto កាលពីរដូវក្តៅ ឆ្នាំ ២០២០ ដោយអតីតកាលគេមិនធ្លាប់លេងឲ្យក្លឹបនៅទឹកដីអង់គ្លេសនោះទេ។ សរុបក្នុងអាជីព គេបង្ហាញខ្លួន ២៦៥ ប្រកួត រកបាន ១២៨ គ្រាប់និង Assist ៦២ លើក៕
ប្រភព៖ Sportsmole