បើតាមសារព័ត៌មាន L’Equipe ចុះផ្សាយថា ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Julian Nagelsmann នៃលីគកំពូលអាល្លឺម៉ង់ ហាក់អស់ការពេញចិត្តទៅលើសមត្ថភាពកីឡាករលេងតំណែងស្លាប Kingsley Coman ហើយ ជារួមចង់វ៉ៃគេចេញនៅពេលខាងមុខតាមដែលអាចធ្វើទៅបាន ជាជាងរក្សាទុកដល់អស់កុងត្រានិងមិនបានតម្លៃផ្ទេរសូម្បីតែមួយសេន្ត។
ជាការពិតខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង គេសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ដូច្នេះបើលក់ចេញ ត្រឹមរដូវរងា ឬរដូវក្តៅ ឆ្នាំ ២០២២ ក៏នឹងអាចបានចំណូលចូលក្លឹបមួយផ្នែកធំផងដែរ។ វាជួនពេលល្អដែលក្លឹប Barcelona ឯណោះ ត្រៀមនឹងបាត់បង់កីឡាករលេងតំណែងប្រយុទ្ធស្លាបផង គឺ Ousmane Dembele ដូច្នោះហើយ Bayern យល់ឃើញថា ប្រសិន Coman ចាកចេញឆាប់ៗ គឺជារឿងកាន់តែល្អ។
ក្លឹបឈរកំពូលតារាង Bundesliga ចង់យកលុយដែលលក់ Coman មកចរចាយក Dembele នៅខែមករានេះផ្ទាល់តែម្តង ជៀសវាងអូសបន្លាយដល់រដូវក្តៅ ហើយត្រូវក្លឹបដទៃប្រជែងយកខ្សែប្រយុទ្ធស្លាបបារាំង ពីអ្នកមានបុណ្យបាត់ ជាពិសេសបណ្តាក្លឹបនៅអង់គ្លេសផ្ទាល់តែម្តង។ រំឭកថា Dembele គេមានអាយុ ២៤ ឆ្នាំ ហើយបើតាមហាងឆេងថ្លៃខ្លួន នៅទីផ្សារដោះដូររដូវរងា គេអាចថ្លៃល្បាក់ ២០ ទៅ ៣០ លានអឺរ៉ូ៕
ប្រភព៖ L’Equipe