Gavi រាប់បានជាកីឡាករវ័យក្មេងកំពុងលេចធ្លោមួយ នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ហើយជាមួយ Barcelona គេកំពុងមានការទទួលស្គាល់ជាបណ្តើរៗផងដែរ ជុំវិញសមត្ថភាពដែលបង្ហាញចេញលើទីលានប្រកួត។ យ៉ាងណាមុនមកចូលរួមនៅអ្នកមានបុណ្យ សម្រាប់កីឡាករអេស្ប៉ាញ អតីតកាលគេក៏ធ្លាប់ត្រូវបានក្លឹបធំៗឯទៀត ចាប់អារម្មណ៍ផងដែរ។
តាមការបញ្ជាក់ពីអតីតគ្រូរបស់ Gavi គឺលោក Manuel Vasco បានលើកឡើងថា៖ “ខ្ញុំដឹងថា Real Madrid និង Atletico Madrid ចង់បាន Gavi តែពេលគេទៅទស្សនាក្លឹប Barcelona គេក៏បែរជាប្រាប់ឪពុករបស់គេ ថាខ្ញុំចង់លេងនៅទីនេះ ព្រោះទីនេះជាកន្លែងដែលកីឡាករល្អៗជាច្រើនកំពុងឈរជើង”។
លោកបន្តទៀតថា៖ “ដើមឡើយខ្ញុំគិតដែរថា ប្រហែល Gavi គេទៅចូលរួមនៅក្លឹបក្នុងទីក្រុង Madrid ហើយ តែមានឯណាចុងក្រោយគេយក Barcelona ជាក្លឹបដែលគេស្រលាញ់ជាង”។ គួរបញ្ជាក់ថា កីឡាករវ័យ ១៧ ឆ្នាំ បានមានឱកាសឡើងមកលេងនៅឈុតធំ កាលពីរដូវក្តៅ ហើយសរុបការបង្ហាញខ្លួនឲ្យក្លឹប គេចូលរួមបាន ២២ ប្រកួត រកបាន ១ គ្រាប់និង Assist ៣ លើក៕
ប្រភព៖ Sportskeeda