ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 ហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមម្ចាស់ផ្ទះសិង្ហបុរី ៤-២ នៅជើងទី២យប់មិញនេះ។
សម្រាប់ការប្រកួតនៅយប់មិញ ពិតជាជក់ចិត្តមែនទែន។ ម្ចាស់ផ្ទះសិង្ហបុរី មានកាតក្រហមដល់ទៅ៣នាក់ឯណោះ ប៉ុន្តែក៏ប្រឹងប្រែងលេងបានយ៉ាងល្អមិនឱ្យក្រុមឥណ្ឌូណេស៊ីយកឈ្នះងាយៗនោះទេ។ ពួកគេលេងស្មើគ្នា ២-២ នៅម៉ោងប្រកួត ដែលតម្រូវឱ្យថែមម៉ោងទៀត។ នៅវគ្គថែមម៉ោងនេះហើយ ទើបបានជាឥណ្ឌូណេស៊ី មានឱកាសរកបាន២គ្រាប់បន្ថែមទៀត ដើម្បីយកឈ្នះលើសិង្ហបុរីក្នុងលទ្ធផល ៤-២ តែម្ដង។ សរុបទាំងពីរជើង ក្រុមឥណ្ឌូណេស៊ី យកឈ្នះសិង្ហបុរី ក្នុងលទ្ធផល ៥-៣។
ឥណ្ឌូណេស៊ី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនេះ ដោយរង់ចាំមួយក្រុមទៀតដែលជាការប្រកួតកាត់សេចក្ដីនៅយប់នេះ រវាងក្រុមថៃ និងវៀតណាម។ កាលពីជើងទី១កន្លងទៅ ក្រុមថៃ បានយកឈ្នះលើក្រុមវៀតណាម ២-០ រូចទៅហើយ៕ ប្រភព៖ GOAL