តំណែងអ្នកចាត់ការពេញសិទ្ធក្លឹប Man Utd មិនទាន់រកឃើញអ្នកមកជំនួសនៅឡើយ ស្របពេលពេលដែលបច្ចុប្បន្ន ក្លឹបប្រើប្រាស់ Michael Carrick ជាគ្រូបណ្ដោះអាសន្ន ហើយក៏ទើបតែដឹកនាំក្រុមយកឈ្នះ Villarreal ២-០ នៅ UCL កាលពីយប់មិញ។
និយាយពីបេក្ខភាពនៃអ្នកចាត់ការក្លឹប Man Utd ក៏ជឿថាអ្នកគាំទ្រជាច្រើន ប្រាកដជាចាប់អារម្មណ៍ទៅលើ Zinedine Zidane, Brendan Rodgers, Erik ten Hag និង Mauricio Pochettino ជាដើម។ តែយ៉ាងណា នៅពេលចុងក្រោយ រឿងនេះវាកាន់តែវែងឆ្ងាយឡើង ហើយបែរជាកើតមានពាក្យថា បិសាចក្រហមនឹងអាចបំពេញក្តីស្រមៃ Zidane ក្នុងការទៅដឹកនាំក្លឹប PSG រួចក៏អាចធ្វើឲ្យក្លឹប R.Madrid មានការខកចិត្តរឿងមួយទៅវិញ។ តើមួយឃ្លានេះ មានន័យបែបណា?
ជាការពិតនោះគឺត្រង់ថា ប្រសិនណា ក្លឹប Man Utd អាចចរចាត្រូវរ៉ូវក្នុងការនាំយក Pochettino មកដឹកនាំនៅទឹកដី Old Trafford នោះតំណែងអ្នកចាត់ការក្លឹប PSG នឹងត្រូវសល់ចន្លោះ ហើយវាក៏ជាឱកាសដ៏ល្អបំផុត សម្រាប់ Zidane ក្នុងការដើរតាមក្តីស្រមៃខ្លួនឯង ដែលមានបំណងចង់ដឹកនាំរវាងក្លឹប PSG ឬជម្រើសជាតិបារាំង។
បញ្ជាក់ឲ្យដឹងថា បុរសសញ្ជាតិអាហ្សង់ទីនជាប់កុងត្រាជាមួយក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ស្របពេលដែលគ្រូទំនេរជើង Zidane បានផ្អាកពីអាជីព រយៈពេលជិត ៥ ខែមកហើយ។
បន្តទៅមុខទៀត ប្រសិន Pochettino អាចមកដឹកនាំ Man Utd ហើយ Zidane អាចទៅដឹកនាំ PSG នោះក៏ទំនងជានឹងធ្វើឲ្យក្លឹប R.Madrid មានការខកចិត្ត ជុំវិញការចរចាយក Kylian Mbappe ទាំងដែលពួកគេ តាមឃ្លាំមើល និងចង់បានយុវជនវ័យ ២២ ឆ្នាំយូរណាស់មកហើយ។
ក៏ដោយសារតែ Mbappe គេមានចិត្តគោរពនិងស្រលាញ់ Zidane ជាបុរសរួមសញ្ជាតិតាំងតែពីដំបូង ហើយគេក៏ធ្លាប់បង្ហើបពីក្តីស្រមៃចង់ក្លាយជាកូនក្រុម ដែលស្ថិតក្រោមការដឹកនាំដោយគ្រូវ័យ ៤៩ ឆ្នាំផងដែរ។
ដូច្នេះហើយថាមិនត្រូវ សុពលភាពកុងត្រាដែល Mbappe ត្រូវផុតត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ ក៏ទំនងជាអាចនឹងបន្តដល់ច្រើនឆ្នាំទៅមុខទៀត ក្រោយពេល Zidane មកដឹកនាំ ហើយដំណើរនៃការចង់បានរបស់ក្លឹប Real Madrid ដែលសម្លឹងត្រៀមយក Mbappe ទៅ Bernabeu នៅរដូវក្តៅ ក៏នឹងត្រូវបានរាំងស្ទះសារជាថ្មី។ នេះអាចរាប់បានជាការខកខានដ៏ធំមួយសម្រាប់ក្លឹបយក្សអេស្ប៉ាញ ព្រោះពួកគេត្រូវមានឱកាសយកបាន គ្រាប់ពេជ្រខាងលើក្នុងលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួន ដែលធៀបនឹងពេលជាប់កុងត្រាត្រូវចាយខ្ទង់រយលានអឺរ៉ូឯណោះ។
បញ្ជាក់ថា នេះគ្រាន់តែជាអ្វីដែល CTS Sports គិតទុកជាមុន ដូច្នេះមិនច្បាស់ថាវាអាចកើតឡើងទៅបានឬអត់ទេ គ្រាន់ថា តាមអ្វីដែលធ្លាប់កើតឡើងកន្លងមក និងអារម្មណ៍ក្នុងនាមជាអ្នកគាំទ្របាល់ទាត់ម្នាក់ គឺពិតជាជឿជាក់ថា រឿងនេះវានឹងអាចមានភាពប្រទាក់ក្រឡាគ្នា ប្រសិនចំណុចចាប់ផ្តើម Pochettino ព្រមទៅដឹកនាំក្លឹប Man Utd ដូចការគ្រោងទុកពិតមែន។ ចុះសម្រាប់គ្នាយើងវិញ តើយល់ឃើញបែបណាដែរ?